អន្តរជាតិ

ថៃ៖ លំបាកមុនស្រណុកក្រោយ! ពីអតីតកម្មករលីសែង ក្លាយជាតំណាងចែកចាយទឹកប្រហុកខ្នាតធំប្រចាំតំបន់រកចំណូលបានខ្ទប់សែនដុល្លារក្នុងមួយខែៗ

BY
autoadmin
May 11, 2022

ថៃ៖ លោក Nanphat Wongphakdeewirakul វ័យ ៦៣ឆ្នាំ បានប្រែវាសនាខ្លួនឯងពីកម្មករលីសែងអង្ករអោយគេ មកជាតំណាងចែកចាយទឹកប្រហុកខ្នាតធំប្រចាំតំបន់ Rangsit ទទួលបោះដុំ ទឹកប្រហុកយីហោល្បីៗជាង ៥០ ក៏ដូចជា គ្រឿងផ្សំអាហារច្រើនជាង ២០០មុខ ទទួលបានចំណូលខ្ទប់ ៥លានបាត (ជាង ១៤មុឺនដុល្លារ) ក្នុងមួយខែ។ យោងតាមប្រភពព័ត៌មានរបស់​ sentangsedtee បានឱ្យដឹងថា កាលពីមុនលោក Nanphat គឺកម្មករលីសែងអង្ករអោយគេ ចំណែកម្តាយក្មេក ប្រកបរបរ លក់ទឹកប្រហុក ដោយម្តាយក្មេកឃើញកូនប្រសារប្រុសធ្វើការធ្ងន់ ត្រូវលីសែងអង្ករអោយគេរាប់បាវ ទើបម្តាយក្មេកក៏បានបបួលលោក Nanphat ដែលត្រូវជាកូនប្រសារប្រុសចូលមកជួយលក់ទឹកប្រហុក ក៏ដូចជា ជួយបន្តមុខរបរនេះអោយបានតកូនតចៅផងដែរ។

ដោយសារតែសង្គមសម័យមុន លោក Nanphat លក់តែទឹកប្រហុកឆៅសុទ្ធប៉ុណ្ណោះ ដោយពុំទាន់បានឆ្លងកាត់ការចំអិនក៏ដូចជាផ្សំគ្រឿងនៅឡើយ។ លុះចូលមកដល់ឆ្នាំ២០១៧ ចាប់ផ្តើមមានទឹកប្រហុករបស់តារាល្បីៗជាច្រើនបានដាក់លក់ ទើបលោកសម្លឹងឃើញឱកាសក្នុងការពង្រីកមុខរបរនេះ ដោយសារតែវាកាន់តែផ្តល់ភាពងាយស្រួលក្នុងការចំអិន។ លោក Nanphat ក៏បានធ្វើការទាក់ទងទៅកាន់បណ្តាក្រមហ៊ុនទឹកប្រហុកល្បីៗ ដើម្បីសុំធ្វើជាតំណាងចែកចាយធំប្រចាំតំបន់តែម្តង ទើបធ្វើអោយចំណូលក្នុងការលក់ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោក Nanphat បានបន្ថែមទៀតថា «បច្ចុប្បន្នដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន លោកក៏បានបង្កើត ការលក់អនឡាញ ដើម្បីងាយស្រួលចែកចាយដល់អតិថិជនទាំងក្នុងនិងក្រៅប្រទេសបានផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

Share This Post: