លោក Donald Trump ថា៖ កិច្ចព្រមព្រៀង Brexit គឺផ្តល់ផលប្រយោជន៍ដល់សហភាពអឺរ៉ុបច្រើនជាងអាមេរិក
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថាលោកមិនចូលចិត្តកិច្ចព្រមព្រៀង Brexit រវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបទេ! ដោយលោកកត់សម្គាល់ថាវាទំនងជាផ្តល់ផលប្រយោជន៍ដល់សហភាពអឺរ៉ុបកាន់តែច្រើនហើយអាចរារាំងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលចាកចេញពីសេតវិមាន White House លោកបាននិយាយថាកិច្ចព្រមព្រៀង Brexit នេះ «ស្តាប់មើលទៅដូចជាកិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់សហភាពអឺរ៉ុប» «អ្នកដឹងទេពេលនេះប្រសិនបើអ្នកសម្លឹងមើលកិច្ចព្រមព្រៀងនេះពួកគេប្រហែលជាមិនអាចធ្វើពាណិជ្ជកម្មជាមួយយើងទេ ហើយនោះមិនមែនជារឿងល្អនោះឡើយ»។
មេដឹកនាំអ៊ឺរ៉ុបនៅថ្ងៃអាទិត្យបានយល់ព្រមលើកិច្ចព្រមព្រៀង Brexit នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបដោយមានភាពជោគជ័យយ៉ាងធំធេង ចាប់តាំងពីការចរចាររវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប Brexit បានអូសបន្លាយជាងមួយឆ្នាំកន្លះមកហើយនេះ។ ចំណែកចក្រភពអង់គ្លេសគ្រោងនឹងចាកចេញពីសហភាពសេដ្ឋកិច្ច និងនយោបាយនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩ ខាងមុខនេះ។ អាចបញ្ជាក់បានផងដែរថាកាលពីថ្ងៃចន្ទ ការបោះឆ្នោតរបស់សភាអង់គ្លេសលើកិច្ចព្រមព្រៀង Brexit ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី១១ខែធ្នូ។

អត្ថបទ៖ លីដា
ប្រភព៖ xinhuanet