ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាតំណាងរាស្រ្តអាមេរិកបានអនុម័តទឹកប្រាក់ ៤០ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន ប៉ុន្តែនឹងត្រូវបញ្ជូនបន្តទៅលោក ចូ បៃដិន សម្រាប់ការចុះហត្ថលេខាជាផ្លូវការ

    BY autoadmin May 11, 2022
    សភាតំណាងរាស្រ្តអាមេរិកបានអនុម័តទឹកប្រាក់ ៤០ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន ប៉ុន្តែនឹងត្រូវបញ្ជូនបន្តទៅលោក ចូ បៃដិន សម្រាប់ការចុះហត្ថលេខាជាផ្លូវការ

    សភាតំណាងរាស្រ្តដឹកនាំដោយប្រជាធិបតេយ្យបានបោះឆ្នោត ៣៦៨ ទល់នឹង ៥៧ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីអនុម័តវិក័យប័ត្រប្រហែល ៤០ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែននៅតែបន្តប្រឈមមុខនឹងការវាយលុកដ៏ឃោរឃៅរបស់រុស្ស៊ី។ សន្លឹកឆ្នោតទាំង ៥៧ សំឡេង ដែលជំទាស់នោះ គឺចេញមកពីគណបក្សសាធារណរដ្ឋ។ វិធានការបន្ទាប់នឹងត្រូវអនុម័តដោយព្រឹទ្ធសភា មុនពេលវាអាចទៅដល់ប្រធានាធិបតី ចូ បៃដិន ដើម្បីចុះហត្ថលេខាលើច្បាប់នោះ។

    មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា គឺលោក Chuck Schumer បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា បន្ទាប់ពីសភាបានអនុម័តកញ្ចប់នេះ ព្រឹទ្ធសភា«នឹងធ្វើការឱ្យបានលឿនបំផុត» ដើម្បីឱ្យវិធានការនេះទទួលបានការយល់ព្រម ហើយត្រូវបានបញ្ជូនទៅតុរបស់លោក ចូ បៃដិន។

    ជំនួយដល់អ៊ុយក្រែន គឺជាចំណុចដែលអាចប្ដូរភាពតានតឹងនៅវិមាន Capitol Hill រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅពេលដែលពួកគេភាគច្រើនសុទ្ធតែអំពាវនាវឱ្យជួយប្រទេសអ៊ុក្រែន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការវាយប្រហាររបស់រុស្ស៊ី។ សមាជិកសភាបានបង្ហាញសេចក្តីព្រាងច្បាប់នេះ នៅមុនថ្ងៃបោះឆ្នោតសភា ហើយច្បាប់ដែលសភាបានអនុម័តផ្តល់មូលនិធិសម្រាប់បញ្ជីអាទិភាពជាច្រើន គឺមានរួមទាំងជំនួយផ្នែកយោធា និងមនុស្សធម៌៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: