រដ្ឋាភិបាលជប៉ុនបានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី រួមទាំងការហាមឃាត់លើការវិនិយោគថ្មីៗ
- BY
- autoadmin
- May 12, 2022
ជប៉ុនបានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដែលរួមទាំងការហាមឃាត់ដ៏មានប្រសិទ្ធភាពលើការវិនិយោគថ្មីៗ ជុំវិញបញ្ហាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋាភិបាលជប៉ុនទាមទារចំណែកភាគហ៊ុន ១០% ឬច្រើនជាងនេះ សម្រាប់ក្រុមហ៊ុនរុស្ស៊ី ឬលក្ខខណ្ឌប្រាក់កម្ចីថ្មីដល់ក្រុមហ៊ុនរុស្ស៊ី ដែលនឹងត្រូវសងមកវិញក្នុងរយៈពេលមួយឆ្នាំ។ នោះមានន័យថា ការហាមប្រាមដ៏មានប្រសិទ្ធភាព គឺផ្ដោតលើសកម្មភាពទាំងនោះ។ ការទូទាត់ទៅឱ្យក្រុមហ៊ុនរុស្ស៊ី និងអង្គការផ្សេងទៀត ក៏ត្រូវបានហាមឃាត់ផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានណែនាំការរឹតបន្តឹងលើការផ្ទេរទ្រព្យសម្បត្តិគ្រីបតូ របស់អ្នកដែលមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្ម ទៅឱ្យភាគីទីបីកាលពីថ្ងៃអង្គារ។ ការផ្លាស់ប្តូរនេះមានគោលបំណងការពារការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថល ដែលមានចន្លោះប្រហោង។ រដ្ឋាភិបាលជប៉ុនក៏បានដកហូតឋានៈពាណិជ្ជកម្ម «ប្រទេសដែលពេញចិត្តបំផុត» នៅទីក្រុងម៉ូស្គូកាលពីខែមុន ដោយដំឡើងពន្ធលើការនាំចូលពីរុស្ស៊ី។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលក៏បានបន្ថែមមនុស្ស ១៤១នាក់ រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ទៅក្នុងបញ្ជីបង្កកទ្រព្យសម្បត្តិផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






