រដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បាននិយាយថា ហ្វាំងឡង់នឹងត្រូវដាក់ពាក្យចូលជាសមាជិកអង្គការណាតូនៅសប្តាហ៍ក្រោយ
- BY
- autoadmin
- May 13, 2022
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto បានថ្លែងពីរដ្ឋធានី Helsinki កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) ជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ។ ការប្រកាសរាយការណ៍នេះ បានកើតឡើងបន្ទាប់ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto និងនាយករដ្ឋមន្ត្រីលោកស្រី Sanna Marin បានប្រកាសថា ប្រទេសរបស់លោកទាំង ២ នឹងដាក់ពាក្យសុំចូលជាសមាជិក NATO ដោយមិនបង្អង់យូរទៀតឡើយ។ លោក Haavisto បាននិយាយថា៖ «ប្រសិនបើសភាឈានដល់ការសន្និដ្ឋាននឹងផ្ញើពាក្យសុំនោះនៅពាក់កណ្តាលសប្តាហ៍ក្រោយ យើងនឹងធ្វើវាភ្លាម»។

លោក Pekka Haavisto ក៏បាននិយាយផងដែរថា៖«ស៊ុយអែតគ្រោងនឹងចាត់វិធានការស្រដៀងគ្នា ហើយស្ទើរតែនៅក្នុងតារាងពេលវេលាស្រដៀងគ្នា»។ រំលឹកដែរថា រុស្ស៊ីបានចេញការព្រមានដល់ហ្វាំងឡង់ ដោយអះអាងថា ខ្លួនអាចនឹងចាត់វិធានការសងសឹក ប្រសិនបើប្រទេសនេះចុះចូលជាមួយអង្គការណាតូ។ លោក Haavisto បាននិយាយថា៖«យើងសង្ឃឹមថា យើងអាចរក្សាព្រំដែនឱ្យស្ងប់ស្ងាត់ ហើយជាការពិតណាស់ យើងមិនរំពឹងអ្វីទាំងអស់ ប៉ុន្តែយើងត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង»។ គួរឱ្យដឹងដែរថា ប្រទេសហ្វាំងឡង់មានព្រំប្រទល់ប្រវែងប្រហែល ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ហើយវាពិបាកក្នុងការធានាសុវត្ថិភាពរបស់ប្រទេសនេះណាស់ បើយើងសង្កេតទៅអ្វីដែលបានកើតឡើងលើអ៊ុយក្រែន។
បើតាមលោក Haavisto បាននិយាយថា ទំនាក់ទំនងរបស់ប្រទេសហ្វាំងឡង់ជាមួយរុស្ស៊ីគឺធ្លាប់ល្អជាមួយគ្នា ដោយសាររុស្ស៊ីគឺជាអ្នកជិតខាងដ៏សំខាន់បំផុតរបស់ហ្វាំងឡង់។ លោកបានកត់សម្គាល់ថា ប្រទេសទាំង ២ មានទំនាក់ទំនងវិជ្ជមានក្នុងសម័យអតីតប្រធានាធិបតី Boris Yeltsin និងអតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev ។ ប៉ុន្តែលោក Haavisto បាននិយាយថា៖«ឥឡូវនេះវាលំបាក ដោយសារតែការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងអាកប្បកិរិយារបស់រុស្ស៊ីចំពោះស្ថាបត្យកម្មសន្តិសុខអឺរ៉ុប»៕

អត្ថបទ៖ លីដា
ប្រភព៖ US News
- Share This Post:






