អន្តរជាតិ

រុស្ស៊ី​បាន​ព្យាយាម​ព្រមាន​ហ្វាំងឡង់​សារជាថ្មីម្ដងទៀត ​ពី​ការ​ចូល​ជា​សមាជិកអង្គការណាតូ ព្រោះរុស្ស៊ីគិតថាវាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន

BY
autoadmin
May 13, 2022

រុស្ស៊ី​បាន​ព្យាយាម​ព្រមាន​ហ្វាំងឡង់​ជាថ្មី​ពី​ការ​ចូល​ជា​សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ​ ខណៈ​រដ្ឋ​អឺរ៉ុប​ខាង​ជើង​មួយនេះ កាន់តែរំកិលខ្លួនក្នុងការចូល​រួម​ជា​សម្ព័ន្ធភាពអង្គការណាតូ។ កាសែត The Guardian បានរាយការណ៍ថា លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមរបស់ហ្វាំងឡង់ គឺពិតជាគំរាមកំហែងដល់ប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា៖«រុស្ស៊ីនឹងត្រូវបង្ខំចិត្តចាត់វិធានការសងសឹកទាំងបច្ចេកទេសយោធា និងលក្ខណៈផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ដែលកើតឡើងក្នុងបញ្ហានេះ»។

ការអត្ថាធិប្បាយរបស់រុស្ស៊ី បានកើតឡើងបន្ទាប់ពីប្រធានាធិបតីលោក Sauli Niinistö និងនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេចង់ឱ្យប្រទេសហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូ ហើយថា ពួកគេចង់ឱ្យការដាក់ពាក្យសុំត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រទេសស៊ុយអែតក៏ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំសមាជិកភាពក្នុងពេលឆាប់ៗនេះផងដែរ។

គួរឱ្យដឹងដែរថា ការកើនឡើងនៃការគាំទ្រពីសាធារណៈជន និងនយោបាយ សម្រាប់ការចូលជាសមាជិកណាតូក្នុងប្រទេសទាំង២ ត្រូវបានជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងបញ្ហានេះ គឺរុស្ស៊ីបានយកលេសថា ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន​ គឺដោយសារតែអ៊ុយក្រែនចង់ចូលរួមជាមួយណាតូ៕

អត្ថបទ៖ លីដា
ប្រភព៖ Insider

Share This Post: