ថៃ៖ អាណិតណាស់! លោកយាយម្នាក់ត្រូវសន្តិសុខនៅទូ ATM លួចប្តូរកាតហើយដកលុយអស់ ២មុឺនដុល្លារ ដែលជាលុយសម្រាប់ពេលចាស់ជរារបស់លោកយាយរត់ទៅបាត់
ថៃ៖កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាល Muang Rayong លោកយាយ Suchin Phaenpha អាយុ ៨០ឆ្នាំ បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹង អោយចាប់ខ្លួនសន្តិសុខក្រុមហ៊ុនមួយដែលមានឈ្មោះថា Sorachat Wongchan ដោយបានលួចប្តូរកាត ATM ហើយដកលុយអស់ពីកាត ចំនួនជាង២មុឺនដុល្លារ។

លោកយាយបានរៀបរាប់ទាំងទឹកភ្នែកថា លុយដែលសន្តិសុខលួចដកនោះ គឺដកអស់ខ្ទេចគ្មានសល់ឡើយ ដោយលោកយាយជឿថា ពិតជាស្នាដៃរបស់សន្តិសុខនេះហើយ ព្រោះកាលពី២ខែមុន លោកយាយបានអោយកាតទៅកាន់សន្តិសុខម្នាក់នឹងអោយជួយដកលុយអោយចំនួន ៧០០ដុល្លារ ដោយលោក Surachat បានទៅដកប្រាក់ ហើយយកកាត ATM មកវិញ ដោយមិនដឹងថាកាតត្រូវបានប្តូរនោះទេ។
រហូតមកទល់និងពេលនេះលោកយាយក៏បានពឹងអោយអ្នកជិតខាងជូនទៅដកលុយ ក្រោយពេលដែលលោកយាយបានវាយលេខកូដចូលទៅហើយបែរជាខុសទៅវិញ ទើបត្រឡប់ទៅយកសៀវភៅធនាគារទៅឯធនាគារពាណិជ្ជថៃ។ លុះក្រោយមកបុគ្គលិកធនាគារបានធ្វើការត្រួតពិនិត្យហើយបានប្រាប់ថា ទឹកប្រាក់នៅក្នុងសៀវភៅធនាគារនៅសល់តែ ១.២៤បាតតែប៉ុណ្ណោះ។ លោកយាយមិនជឿបុគ្គលិកធនាគារក៏បានសុំមើលកាតក៏ឃើញថា ឈ្មោះដែលនៅលើកាតនោះមិនមែនជាឈ្មោះរបស់លោកយាយទេ ប៉ុន្តែវាបែរជាឈ្មោះសនិ្តសុខនោះទៅវិញ។
ចំណែក លោក Surachat ដែលជាសន្តិសុខនោះ បានលាឈប់ពីការងារ ហើយរើចេញពីផ្ទះជួលបានប្រហែល ២ ខែ មុននឹងចាកចេញ គាត់នៅតែខ្ចីលុយ ៨,០០០បាតទៀត រឺ ជិត ៣០០ដុល្លារទៀតផង។ លោកយាយថែមទាំងផ្ញើសំណួរសួរទៅកាន់អតិតសន្តិសុខនោះថា «ហេតុអីក៏ធ្វើបែបនេះដាក់យាយ? សូមលោកមេត្តាយកលុយមកអោយយាយវិញ ព្រោះវាជាលុយចុងក្រោយនៃជីវិត ដែលបានមកពីការលក់ដី រៀបចំផ្ទះដើម្បីរស់នៅមុនស្លាប់ តើលោកយាយបានលុយឯណាសម្រាប់ចាយវាយទៀត?»៕


អត្ថបទ៖ Bee
ប្រភព៖ khaosod