ហួសចិត្ត! ទំនេរពេកបង្ហោះពាក្យ «ភេរវករ…» មុនឡើងយន្តហោះក៏ត្រូវបានគេដកចេញពីការហោះហើរភ្លាមៗ
ប្រទេសឥណ្ឌា៖ អ្នកដំណើរម្នាក់ត្រូវបានគេដកចេញពីយន្តហោះភ្លាមៗ និងត្រូវបានគេឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ បន្ទាប់ពីរូបគេបានបង្ហោះរូបថតនៅលើបណ្តាញសង្គម Snapchat ជាមួយនឹងពាក្យថា «ភេរវករ» ។ បុរសម្នាក់នេះមានឈ្មោះថា Yogvedant Poddar អាយុ២១ឆ្នាំ ត្រូវបានដកចេញពីយន្តហោះអាកាសចរណ៍ Jet Airways បន្ទាប់ពីអ្នកដំណើរផ្សេងទៀតបានឃើញគាត់វាយពាក្យ «ភេរវជននៅលើហោះហើរ ដែលឆក់យកបេះដូងនារីៗ» នៅលើទូរស័ព្ទរបស់គាត់។
យ៉ាងណាមិញក្រោយមានការសាកសួរ គេរកមិនឃើញថា បុរសនេះមានទាក់ទងជាមួយភេរវកម្មទេ វាជាសារ Snapchat មួយដែលគាត់ផ្ញើឱ្យមិត្តរបស់គាត់ និងមិនមានបំណងគំរាម ឬធ្វើឱ្យអ្នកណាម្នាក់មានគ្រោះថ្នាក់ឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរម្នាក់នេះត្រូវបានដកចេញ ដោយសារតែហេតុផលសន្តិសុខរបស់យន្តហោះទាំងមូល។ យន្តហោះត្រូវបានពន្យារពេលហោះហើរ ដើម្បីត្រួតពិនិត្យសុវត្ថិភាព ហើយក្នុងសប្តាហ៍ដដែលនេះក៏ធ្លាបមានបុរស់ម្នាក់ត្រូវបានដកចេញពីការហោះហើររបស់ក្រុមហ៊ុន IndiGo ដោយសារគាត់ព្យាយាមចូលទៅកន្លែងកាប៊ីនដើម្បីសាកទូរសព្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ independent