អន្តរជាតិ

McDonald’s សម្រេចចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ទាំងស្រុង ​ក្រោយបើកអាជីវកម្មអស់​រយៈពេល ៣០ឆ្នាំ

BY
autoadmin
May 17, 2022

McDonald’s បាននិយាយថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ីជាអចិន្ត្រៃយ៍ បន្ទាប់ពីជាង ៣០ឆ្នាំ នៃការបើកអាជីវកម្មរបស់ខ្លួន ហើយពួកគេក៏បានចាប់ផ្តើមលក់ហាងនានាទៅឱ្យពលរដ្ឋផងដែរ។ ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាហាររហ័សមួយនេះ បានបិទទ្វារហាងចំនួន ៨៥០ កន្លែង ជាបណ្តោះអាសន្ននៅក្នុងខែមីនា។ កាលពីថ្ងៃចន្ទ នាយកប្រតិបត្តិ McDonald’s បានប្រកាសថា និមិត្តសញ្ញា Golden Arches នៅទូទាំងប្រទេសរុស្ស៊ីនឹងត្រូវទម្លាក់ចុះ ពោលគឺគ្មានហាង McDonald’s ទៀតទេ។ ខ្លួនបានធ្វើការសម្រេចចិត្តដោយសារតែ «វិបត្តិមនុស្សធម៌» និង «បរិយាកាសប្រតិបត្តិការដែលមិនអាចទាយទុកជាមុនបាន» ព្រោះតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

នាយកប្រតិបត្តិរបស់ McDonald’s គ្រោងនឹងលក់ហាងចំនួន ៨៥០ របស់ពួកគេទាំងអស់ ទៅឱ្យអ្នកទិញក្នុងស្រុក។ ហាងទាំងនោះនឹងមិនអាចប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា ឬម៉ាកយីហោ McDonald’s បានទៀតទេ។

ការបើកសិទ្ធិផ្តាច់មុខនៅទីក្រុងមូស្គូក្នុងឆ្នាំ១៩៩០ បានបង្ហាញពីការធូរស្បើយឡើងវិញនៅក្នុងសង្គ្រាមត្រជាក់។ មួយឆ្នាំក្រោយមក សហភាពសូវៀតបានដួលរលំ ដោយបង្កើតផ្លូវសម្រាប់អាជីវកម្មកាន់តែច្រើនពីលោកខាងលិច។ ឥឡូវនេះក្រុមហ៊ុនមានបុគ្គលិកចំនួន ៦២ ពាន់នាក់ នៅទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែ McDonald’s នឹងធានាថា បុគ្គលិកទាំងនោះនឹងទទួលបានប្រាក់ខែរហូតដល់ពួកគេលក់ហាងទាំងនោះអស់។ McDonald’s បាន​និយាយ​ថា ពួកគេ​នឹង​ត្រូវ​ចំណាយ​ជាង ១.២ ពាន់​លាន​ដុល្លារ ក្នុងការលុបចោលជំនួញនៅរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: