លោកស្រី Elisabeth Borne ត្រូវបានគេតែងតាំងឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ហើយនេះគឺជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ របស់បារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ
- BY
- autoadmin
- May 17, 2022
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោកស្រី Elisabeth Borne ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង ហើយនេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ៣០ឆ្នាំ របស់ប្រទេសបារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ។ លោក Macron បានធ្វើការតែងតាំងលោកស្រីកាលពីថ្ងៃចន្ទ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគាត់បានជាប់អាណត្តិទី២ ជាប្រធានាធិបតីរបស់ប្រទេសបារាំង ក្រោយឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា។ មុននេះ លោក Jean Castex ដែលជានាយករដ្ឋមន្ត្រីនៅអាណត្តិមុន ក៏គាត់បានផ្ញើលិខិតលាលែងពីតំណែងរបស់គាត់ ទៅកាន់លោក Macron ផងដែរ។

នាយករដ្ឋមន្ត្រីថ្មី Elisabeth Borne ដែលមានវ័យ ៦១ ឆ្នាំរូបនេះ បានបម្រើការជារដ្ឋមន្ត្រីដឹកជញ្ជូន រដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការងារ ក្នុងអំឡុងពេលលោក Macron កំពុងកាន់អាណត្តិទី១ ជាប្រធានាធិបតី។ លោកស្រីត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះការកែទម្រង់ក្រុមហ៊ុនផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង និងការអនុវត្តវិធានការណ៍ដើម្បីដោះស្រាយភាពអត់ការងារធ្វើ ដែលទាក់ទងនឹងជំងឺរាតត្បាត COVID-19 ។
បន្ទាប់ពីការផ្ទេរតំណែងរួច លោកស្រីបានថ្លែងភ្លាមៗថា ប្រទេសបារាំងត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ លោក Macron ហាក់ដូចជាកំពុងព្យាយាមបង្ហាញសាធារណជនថា លោកផ្តោតលើបរិស្ថាន និងការងារ នៅមុនការបោះឆ្នោតសភាក្នុងខែមិថុនានេះ។ គាត់ក៏ត្រូវបានគេរំពឹងថា នឹងព្យាយាមធ្វើឱ្យមានការរីកចម្រើនជាលំដាប់លើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលនឹងក្លាយជាបញ្ហាសំខាន់ក្នុងអំឡុងពេលអាណត្តិទី២ របស់គាត់។ គួរឱ្យដឹងដែរថា លោកស្រី Elisabeth Borne គឺជានាយករដ្ឋមន្ត្រីស្ត្រីទី២ នៅក្នុងប្រវត្តិសាស្ត្របារាំងទាំងមូល និងជានាយករដ្ឋមន្ត្រីទី១ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






