អន្តរជាតិ

ការ​វិភាគពីប្រអប់ខ្មៅបានបង្ហាញថា មានមនុស្សបញ្ជាយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់កាលពីខែមីនា ឱ្យធ្លាក់ដាំក្បាលចុះក្រោមតែម្ដង ដោយមិនមែនជាបញ្ហាបច្ចេកទេសអ្វីនោះទេ

BY
autoadmin
May 18, 2022

កាសែត Wall Street Journal កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា បើតាមការ​វិភាគលើប្រអប់ខ្មៅ អ្នកស៊ើបអង្កេតរបស់អាមេរិកជឿជាក់ថា មាននរណាម្នាក់នៅលើយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់កាលពីក្នុងខែមីនា មានបំណងឱ្យយន្ដហោះនោះធ្លាក់ចុះមកតែម្ដង។ រំលឹកផងដែរថា យន្ដហោះរបស់ក្រុមហ៊ុន China Eastern ជើងហោះហើរលេខ MU5375 បានធ្លាក់ពីកម្ពស់ ២៩,០០០ ហ្វីត (ជិត៩គីឡូម៉ែត្រ) ចូលទៅក្នុងភ្នំមួយ នៅពេលដែលវាកំពុងធ្វើដំណើរពីទីក្រុង Kunming ទៅកាន់ទីក្រុង Guangzhou របស់ប្រទេសចិន កាលពីថ្ងៃទី២១ ខែមីនា ដោយបានសម្លាប់មនុស្សទាំងអស់ ១៣២ នាក់ នៅលើយន្តហោះ។

ទិន្នន័យពីប្រអប់ខ្មៅ (Blackbox) ដែលត្រូវបានបញ្ជូនទៅវិភាគនៅសហរដ្ឋអាមេរិកបានបង្ហាញថា មាននរណាម្នាក់ ដែលអាចជាអ្នកបើកបរយន្តហោះ ឬ សម្រុកចូលទៅកាប៊ីនយន្តហោះ បានបញ្ជាឱ្យយន្ដហោះធ្លាក់ក្នុងរបៀបដាំក្បាលចុះក្រោមតែម្ដង។ ប្រភពពាក់ព័ន្ធបាននិយាយថា យន្ដហោះវាធ្វើការទៅតាមការបញ្ជារបស់មនុស្សនៅក្នុងកាប៊ីនប៉ុណ្ណោះ។ ការអះអាងរបស់អ្នកស៊ើបអង្កេតអាមេរិកក៏ស្របទៅនឹងការពិតដែលថា អ្នកស៊ើបអង្កេតចិនក៏មិនបានរកឃើញបញ្ហាសង្ស័យណាមួយ ដែលអាចបង្ហាញថា យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern មានបញ្ហាបច្ចេកទេសនោះដែរ។

ថ្វីបើការស៊ើបអង្កេតពេញលេញអាចចំណាយពេលច្រើនឆ្នាំ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន (CAAC) បាននិយាយថា បុគ្គលិកបានបំពេញតាមតម្រូវការសុវត្ថិភាពមុនពេលហោះហើយ យន្តហោះនេះមិនបានផ្ទុកទំនិញគ្រោះថ្នាក់ ហើយក៏មិនបានធ្វើដំណើរការក្នុងអាកាសធាតុអាក្រក់នោះទេ។ គួរឱ្យដឹងដែរថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលប្រហែល ៣០ ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: