លោក ចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីហ្វាំងឡង់ និងនាយករដ្ឋមន្ត្រីស៊ុយអែត នៅឯសេតវិមានសហរដ្ឋអាមេរិក
- BY
- autoadmin
- May 18, 2022
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងត្រូវជួបជាមួយប្រធានាធិបតីហ្វាំងឡង់ និងនាយករដ្ឋមន្ត្រីស៊ុយអែត នៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រទេសទាំង ២ បានចាប់ផ្តើមដំណើរការផ្លូវការនៃការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ។ សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា លោក បៃដិន នឹងជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto។ មូលហេតុនៃការសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសទាំង ២ គឺដោយសារមើលឃើញពីហានិភ័យ តាមរយៈសង្គ្រាមដែលកំពុងមានស្រាប់នៅអ៊ុយក្រែន។

កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីលោក បៃដិន បានធ្វើការហៅទូរស័ព្ទជាមួយមេដឹកនាំទាំង ២ ដែលក្នុងនោះពួកគេបានពិភាក្សាអំពី «កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខយ៉ាងជិតស្និទ្ធ» ក្នុងចំណោមប្រទេសទាំង ៣ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សេតវិមានបាននិយាយថា៖« ប្រធានាធិបតី បៃដិន បានគូសបញ្ជាក់ពីការគាំទ្ររបស់គាត់ ចំពោះគោលនយោបាយបើកទ្វាររបស់អង្គការណាតូ និងសម្រាប់សិទ្ធិរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការសម្រេចចិត្តអនាគត គោលនយោបាយការបរទេស និងការរៀបចំសន្តិសុខរបស់ពួកគេ»៕


អត្ថបទ៖ លីដា
ប្រភប៖ The US News
- Share This Post:






