លោក Stephen Hillenburg អ្នកបង្កើតគំនូរជីវចល SpongeBob បានទទួលមរណភាពក្នុងវ័យ ៥៧ឆ្នាំ
លោក Stephen Hillenburg អ្នកបង្កើតក្រុមតុក្កតា Nickelodeon megahit ដែលមានចំណងជើងថា “SpongeBob SquarePants” បានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងវ័យ ៥៧ឆ្នាំដោយជំងឺម្យ៉ាងឈ្មោះ Amyotrophic lateral sclerosis (ALS) ដែលបានវាយប្រហារមកលើគាត់តាំថតែពីខែមិនាឆ្នាំមុន។ លោក Stephen Hillenburg ត្រូវបានគេឱ្យដឹងថាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Humboldt State ក្នុងឆ្នាំ១៩៨៤ ជាមួយនឹងបរិញ្ញាបត្រផ្នែកធនធានធម្មជាតិ។ ដោយសារគាត់ជាមនុស្សដែលស្រឡាញ់ធម្មជាតិ លោកបានក្លាយជាគ្រូបង្រៀនជីវសាស្ត្រសមុទ្រនៅឯវិទ្យាស្ថាន Orange County Marine ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ក្រោយមកជាមួយនឹងទេពកោសល្យសិល្បៈរបស់គាត់ និងការស្រឡាញ់ទឹកសមុទ្រនិងសត្វសមុទ្ររបស់គាត់ បាននាំគាត់ឱ្យតាក់តែងនិងគូរគំនូរជីវចល SpongeBob នេះឡើង។
លោក Stephen Hillenburg បានចាប់ផ្តើមអាជីពជីវចលរបស់គាត់នៅឆ្នាំ១៩៨៧ ហើយបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគំនូរនៅវិទ្យាស្ថានវិចិត្រសិល្បៈរដ្ឋកាលីហ្វ័រនីញ៉ានៅទីក្រុង Valencia និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈនៅឆ្នាំ១៩៩២។ គំនូរជីវចល SpongeBob SquarePants របស់លោកគឺទទួលបានជោគជ័យខ្លាំងណាស់ ហើយថែមទាំងទទួលបានពានរង្វាន់ Emmy Awards, Annie Awards, និង ASACP Awards ពីអាមេរិក និងអង់គ្លេសផងដែរ ហើយវាបានទទួលចំនូលសរុបជាង ១៤០លានដុល្លារ និងបានដាក់បញ្ចូលការបកប្រែ (dub) ជាង៦០ភាសា៕


អត្ថបទ៖ លីដា
ប្រភព៖ variety