រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក អនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់នូវដូសជំរុញរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបង្កើតដោយ Pfizer-BioNTech
- BY
- autoadmin
- May 18, 2022
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់នូវដូសជំរុញ របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលរួមគ្នាផលិតដោយក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ បន្ទាប់ពីខ្លួនបានធ្វើវិសោធនកម្មបន្ថែមចំពោះការប្រើប្រាស់វ៉ាកសាំងនេះ។ ជម្រាបដែរថា នៅសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងលើកទី៣ ឬដូសជំរុញរបស់ Pfizer-BioNTech អនុញ្ញាតឱ្យចាក់បានតែមនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅប៉ុណ្ណោះ ដូច្នេះការអនុញ្ញាតនេះនឹងក្លាយជាជំហានថ្មីមួយទៀត។

ក្រុមហ៊ុន Pfizer បាននិយាយកាលពីខែមេសាថា ការធ្វើតេស្តព្យាបាលរបស់ខ្លួនបានបង្ហាញថា កម្រិតនៃអង្គបដិប្រាណបន្សាបជាតិពុលបានកើនឡើង ៦ដង ចំពោះកុមារដែលមានអាយុចន្លោះពី ៥ ទៅ ១១ឆ្នាំ បន្ទាប់ពីពួកគេបានចាក់ដូសជំរុញ ឬវ៉ាក់សាំងទី៣។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា វាបានបង្កើនប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុង ហើយគ្មានបញ្ហាសុវត្ថិភាពថ្មី ត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។ ដោយសារតែជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង គឺជាវ៉ារ្យ៉ង់លេចធ្លោជាងគេនៅសហរដ្ឋអាមេរិក ហើយអត្រាឆ្លងថ្មីៗ និងការចូលសម្រាកនៅមន្ទីរពេទ្យរបស់កុមារមានការកើនឡើង ការណែនាំឱ្យមានការចាក់ដូសជំរុញក្នុងចំណោមកុមារ គឺពិតជាមានសារសំខាន់ក្នុងការបង្ការហានិភ័យផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






