អន្តរជាតិ

អង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់តែមួយដូស CanSino ដែលផលិតដោយប្រទេសចិន

BY
autoadmin
May 20, 2022

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបានផ្តល់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន ដែលនាំឱ្យវាក្លាយជាវ៉ាក់សាំងទី១១ ដែលទទួលបានភ្លើងបៃតងពី WHO ។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា វ៉ាក់សាំងចាក់តែមួយដូស CanSino មានប្រសិទ្ធភាពប្រហែល ៩២% ប្រឆាំងនឹងជំងឺ COVID-19 ធ្ងន់ធ្ងរ និង ៦៤% ក្នុងការការពារមនុស្សពីការចេញរោគសញ្ញា។ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់ WHO បានណែនាំវ៉ាក់សាំងនេះ សម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

វ៉ាក់សាំង CanSino ប្រើមេរោគដែលមិនបង្កគ្រោះថ្នាក់ហៅថា adenovirus ដើម្បីបញ្ជូន spike ប្រូតេអ៊ីននៃជំងឺ COVID-19 ចូលទៅក្នុងខ្លួនមនុស្ស ដែលបន្ទាប់មកនឹងជំរុញឱ្យមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ។ បច្ចេកវិទ្យានេះ គឺស្រដៀងទៅនឹងវ៉ាក់សាំងដែលផលិតដោយ Johnson & Johnson និង AstraZeneca ដែលប្រើមេរោគ adenoviruses ផ្សេងៗគ្នា។ កាលពីឆ្នាំមុន មន្ត្រីជំងឺឆ្លងកំពូលរបស់ប្រទេសចិនបានទទួលស្គាល់ថា វ៉ាក់សាំងផលិតក្នុងស្រុករបស់ចិន បានផ្តល់ការការពារទាបប្រឆាំងនឹង COVID-19 ហើយថា ការលាយវ៉ាក់សាំងចិនជាមួយនឹងដូសជំរុញរបស់វ៉ាក់សាំងប្រភេទ mRNA គឺជាប្រការចាំបាច់។

ការអនុញ្ញាតរបស់ WHO លើវ៉ាក់សាំង CanSino មានន័យថា កិច្ចខិតខំប្រឹងប្រែងរបស់គម្រោង COVAX ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ នឹងមានជម្រើសបន្ថែមទៀតនៅក្នុងការទិញវ៉ាក់សាំងបង្ការពីចិន។ ជាក់ស្ដែងកាលពីឆ្នាំមុន COVAX ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិនជាងកន្លះពាន់លាន ដែលផលិតដោយ Sinopharm និង Sinovac ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: