អន្តរជាតិ

អូស្ត្រាលី​រាយការណ៍ពី​ករណី​ជំងឺ​អុតស្វាយ Monkeypox ដំបូង​បំផុតរបស់ខ្លួន ចេញពី​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចក្រភព​អង់គ្លេស

BY
autoadmin
May 20, 2022

ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ពីករណីជំងឺអុតស្វាយ Monkeypox ដំបូងរបស់ខ្លួន ដែលកើតលើអ្នកដំណើរដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ នាយកដ្ឋានសុខាភិបាលរដ្ឋ Victoria បាននិយាយថា អ្នកជំងឺមានអាយុខ្ទង់ ៣០ឆ្នាំ ហើយបានមកដល់ទីក្រុង Melbourne កាលពីថ្ងៃច័ន្ទថ្មីៗនេះ ខណៈអ្នកជំងឺសង្ស័យម្នាក់ទៀត ដែលស្ថិតក្នុងវ័យប្រមាណ ៤០ឆ្នាំ និងទើបតែត្រឡប់ពីដំណើរកម្សាន្តនៅតំបន់អឺរ៉ុប ក៏កំពុងត្រូវបានគេធ្វើតេស្ដផងដែរ។ អ្នកទាំង ២នាក់ បានចេញរោគសញ្ញាស្រាលៗ បន្ទាប់ពីបានត្រឡប់មកដល់អូស្ត្រាលីវិញ ជាមួយនឹងរោគសញ្ញាដែលដូចនឹងជំងឺអុតស្វាយ Monkeypox ដូចគ្នា។

លោក Kerry Chant ប្រធានផ្នែកសុខភាពរដ្ឋ New South Wales បានប្រាប់អ្នកយកព័ត៌មានថា បុគ្គលិកសុខាភិបាលធ្វើការដើម្បីធានាដល់សហគមន៍ ហើយការឆ្លងនេះមិនមែនដូចជាជំងឺ COVID ឬជំងឺគ្រុនផ្តាសាយ ដែលអាចនឹងឆ្លងយ៉ាងឆាប់រហ័សនោះទេ។ រំលឹកដែរថា ករណីជំងឺ Monkeypox ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមមានប្រទេសអង់គ្លេស អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ កាណាដា និងសហរដ្ឋអាមេរិក។

គួរឱ្យដឹងដែរថា ជំងឺអុតស្វាយ Monkeypox ភាគច្រើនកើតឡើងនៅភាគខាងលិច និងកណ្តាលនៃទ្វីបអាហ្រ្វិក ហើយវាគឺជាមេរោគដ៏កម្រ ស្រដៀងនឹងជំងឺអុតធំ (smallpox) របស់មនុស្ស ប៉ុន្តែមានភាពស្រាលជាង។ វាត្រូវបានកត់ត្រាជាលើកដំបូងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ រោគសញ្ញារួមមាន៖ គ្រុនក្តៅ ឈឺក្បាល និងកន្ទួលលើស្បែក ដែលចាប់ផ្តើមនៅលើមុខ និងរាលដាលដល់រាងកាយផ្សេងទៀត។ មនុស្សអាចឆ្លងមេរោគ Monkeypox តាមរយៈទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកដែលមានមេរោគ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: