ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងកម្លាំងរុស្សី​បានប្រកាស​ជ័យ​ជម្នះ​ទាំងស្រុង ​ដណ្តើមយករោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol បាន ក្រោយប្រយុទ្ធគ្នាអស់ជាច្រើនខែ

    BY autoadmin May 21, 2022
    កងកម្លាំងរុស្សី​បានប្រកាស​ជ័យ​ជម្នះ​ទាំងស្រុង ​ដណ្តើមយករោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol បាន ក្រោយប្រយុទ្ធគ្នាអស់ជាច្រើនខែ

    រុស្ស៊ី​បាន​ប្រកាស​ជ័យ​ជម្នះ​របស់ខ្លួន ពីក្នុង​សមរភូមិ​អស់​រយៈពេល​ជាច្រើន​ខែ ​ដើម្បី​ដណ្តើម​យក​ទីក្រុង​កំពង់ផែ Mariupol របស់​អ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់ BBC។ មន្ត្រីរបស់ទីក្រុងមូស្គូបាននិយាយថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចុងក្រោយ ដែលនៅការពាររោងចក្រដែក Azovstal របស់ទីក្រុង Mariupol ឥឡូវនេះបានទម្លាក់អាវុធសុំចុះចាញ់អស់ហើយ។ អស់រយៈពេលជាច្រើនខែមកហើយ ដែលទាហានអ៊ុយក្រែនបានបន្ដតសូរប្រយុទ្ធនៅក្នុងអគារដ៏ធំសម្បើម នៅក្នុងរោងចក្រដែក Azovstal ដើម្បីរារាំងរុស្ស៊ីពីការបង្កើតការគ្រប់គ្រងទាំងស្រុងលើទីក្រុង ប៉ុន្តែពេលនេះពួកគេមិនអាចទប់ទល់ទៀតបាននោះទេ។

    ការជម្លៀសពលរដ្ឋអ៊ុយក្រែនកាលពីថ្ងៃសុក្រ គឺជាការបញ្ចប់នៃការឡោមព័ទ្ធទីក្រុង Mariupol ដោយកងកម្លាំងរុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ ឥឡូវនេះ ទីក្រុង Mariupol ស្ថិតក្នុងការបំផ្លិចបំផ្លាញទាំងស្រុង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទីក្រុង និងរោងចក្រដែកនៅ Mariupol ឥឡូវនេះ «ត្រូវបានរំដោះទាំងស្រុង» បន្ទាប់ពីទាហានអ៊ុយក្រែនចំនួន ៥៣១ នាក់ បានចាកចេញពីទីតាំងនោះ។ វាបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទីតាំងក្រោមដីរបស់រោងចក្រ ដែលជាកន្លែងដែលពួកសកម្មប្រយុទ្ធកំពុងលាក់ខ្លួន បានស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី»៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: