អន្តរជាតិ

សាឡាងល្បឿនលឿនរបស់ហ្វីលីពីនមួយគ្រឿង ដឹកអ្នកដំណើរទាំងអស់ចំនួន ១៣៤ នាក់ បានឆាបឆេះយ៉ាងសន្ធោ​សន្ធៅ និងឆក់យកជីវិតមនុស្សអស់ចំនួន ៧នាក់

BY
autoadmin
May 23, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ បានស្លាប់ បន្ទាប់ពីសាឡាងល្បឿនលឿនមួយគ្រឿង ដែលដឹកមនុស្សទាំងអស់ ១៣៤ នាក់ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់តែម្ដង។ សាឡាង MV Mercraft 2 បានឆាបឆេះឡើង នៅមុនពេលវាទៅដល់កំពង់ផែ Real ក្នុងខេត្ត Quezon ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ វាបាន​ចាក​ចេញ​ពី​កោះ Polilio នៅ​ម៉ោង ៥ព្រឹក (ម៉ោង​ក្នុង​តំបន់) ហើយ​បានទូរសព្ទរាយការណ៍ពីគ្រោះថ្នាក់បន្ទាន់ នៅម៉ោង ៦ និង ៣០ នាទី​ព្រឹក។

អ្នកស្លាប់ទាំង ៧នាក់ ត្រូវបានគេដឹងថា ជាស្ត្រី ៥នាក់ និងបុរស ២នាក់ ខណៈពេលដែលអ្នកដំណើរចំនួន ១២០ នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល និង ៧នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។ រូបភាពដែលបានចែករំលែកដោយឆ្មាំសមុទ្រ បានបង្ហាញឱ្យឃើញពីសាកសពមនុស្សនៅក្នុងអាវពោងរបស់ពួកគេ និងមនុស្សផ្សេងទៀត ដែលកំពុងរង់ចាំការជួយសង្គ្រោះ ខណៈដែលអ្នកខ្លះត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាព ដោយកប៉ាល់ដឹកទំនិញនៅក្នុងតំបន់។

មូលហេតុនៃការឆេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែហ្វីលីពីន ដែលជាប្រទេសប្រជុំកោះជាង ៧,៦០០ កោះមួយនេះ មិនមានកំណត់ត្រាល្អជាមួយនឹងសម្រាប់សុវត្ថិភាពដែនសមុទ្ររបស់ខ្លួននោះទេ ដោយសារមធ្យោបាយផ្លូវទឹក​ច្រើន​តែ​ចាស់ និង​ចង្អៀត។ រំលឹកដែរថា នៅឆ្នាំ១៩៨៧ មានមនុស្សប្រហែល ៥,០០០ នាក់ បានស្លាប់ នៅក្នុងគ្រោះមហន្តរាយដឹកជញ្ជូនតាមផ្លូវទឹកដ៏អាក្រក់បំផុតរបស់ពិភពលោក នៅពេលដែលសាឡាងដឹកអ្នកដំណើរ Dona Paz បានដឹកលើសទម្ងន់កំណត់ និងបានបុកជាមួយកប៉ាល់ដឹកប្រេងមួយផ្សេងទៀត នៅពេលវាចេញពីកោះ Mindoro ភាគខាងត្បូងនៃរដ្ឋធានីម៉ានីល៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: