សត្វចៀមមួយក្បាលត្រូវបានគេកាត់ទោសឱ្យជាប់គុករយៈពេល ៣ឆ្នាំ បន្ទាប់ពីរកឃើញមានពិរុទ្ធធ្វើអោយស្ដ្រីម្នាក់បាត់បង់ជីវិត នៅឯប្រទេសស៊ូដង់ខាងត្បូង
- BY
- autoadmin
- May 24, 2022
សត្វចៀមមួយក្បាលត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៣ឆ្នាំ បន្ទាប់ពីវាត្រូវបានគេរកឃើញថា មានពិរុទ្ធនៅក្នុងករណីសម្លាប់ស្ត្រីវ័យកណ្ដាលម្នាក់ នៅឯប្រទេសស៊ូដង់ខាងត្បូង។ សត្វចៀមឈ្មោលមួយក្បាលនោះ ត្រូវបានគេចាប់ឃុំឃាំងនៅប៉ុស្តិ៍ប៉ូលីស Maleng Agok Payam កាលពីដើមខែនេះ បន្ទាប់ពីវាបានវាយប្រហារលើស្ត្រីម្នាក់ ដែលមានឈ្មោះថា Adhieu Chaping មានអាយុ ៤៥ឆ្នាំ ឱ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ វរសេនីយ៍ត្រីលោក Elijah Mabor បាននិយាយថា៖«សត្វចៀមនោះបានវាយប្រហារ ដោយការជល់ទៅលើឆ្អឹងជំនីររបស់គាត់ ហើយស្ត្រីម្នាក់នោះក៏បានស្លាប់ភ្លាមៗ»។

លោកវរសេនីយ៍ត្រី Mabor បានពន្យល់ពីមូលហេតុនៃការចាប់ខ្លួនសត្វចៀមនោះថា៖«ម្ចាស់វាគ្មានកំហុសទេ ហើយចៀមមួយក្បាលនោះ គឺជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋ ដូច្នេះសមនឹងទទួលបានការចាប់ខ្លួន បន្ទាប់មកសំណុំរឿងនឹងបញ្ជូនបន្តទៅតុលាការទំនៀមទំលាប់ ដើម្បីចាត់ការតាមនីតិវិធី»។ ឥឡូវនេះចៀមឈ្មោលមួយក្បាលនោះ នឹងត្រូវចំណាយពេល ៣ឆ្នាំ នៅក្នុងជំរុំយោធាមួយនៅក្នុងទីស្នាក់ការកណ្តាល Aduel County ក្នុងរដ្ឋ Lakes នៃប្រទេសស៊ូដង់។ ជាមួយគ្នានេះដែរ តុលាការក្នុងស្រុកក៏បានសម្រេចថា ម្ចាស់សត្វចៀមដែលមានឈ្មោះថា Duony Manyang Dhal នឹងត្រូវប្រគល់សត្វគោចំនួន ៥ក្បាល ទៅឱ្យគ្រួសារជនរងគ្រោះជាសំណង ហើយនៅពេលដែលសត្វចៀមនោះចេញពីឃុំឃាំង វាក៏នឹងត្រូវបញ្ជូនទៅឱ្យគ្រួសារជនរងគ្រោះទុកជាសំណងដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ Ladbible
- Share This Post:






