ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte៖ គេហៅខ្ញុំថាជាឃា.ត.ករ តែខ្ញុំមិនបានយកជីវិតកុមារ និងមនុស្សចាស់ដូចលោក Vladimir Putin នោះទេ

    BY autoadmin May 25, 2022
    លោក Rodrigo Duterte៖ គេហៅខ្ញុំថាជាឃា.ត.ករ តែខ្ញុំមិនបានយកជីវិតកុមារ និងមនុស្សចាស់ដូចលោក Vladimir Putin នោះទេ

    ប្រធានាធិបតីហ្វីលីពីនជិតអស់អាណត្តិលោក Rodrigo Duterte បានរិះគន់មេដឹកនាំរុស្ស៊ីលោក Vladimir Putin ចំពោះការសម្លាប់ជនស៊ីវិលស្លូតត្រង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយគាត់បាននិយាយថា ពួកគេទាំង ២ ត្រូវបានគេមើលឃើញថាជាឃាតករ «ប៉ុន្តែខ្ញុំសម្លាប់ឧក្រិដ្ឋជន ខ្ញុំមិនសម្លាប់កុមារ និងមនុស្សចាស់ទេ»។ លោក Duterte ដែលធ្លាប់ហៅលោក Putin ថាជាទីគោរព និងជាមិត្តដោយបើកចំហ បានសម្តែងការរិះគន់របស់គាត់ជាលើកដំបូងបំផុត ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ។

    លោក Duterte មិនបានថ្កោលទោសប្រធានាធិបតីរុស្ស៊ី Putin នោះទេ ប៉ុន្តែលោកមិនយល់ស្របនឹងការដាក់សញ្ញានៃការឈ្លានពានរបស់លោក Putin ថាជា «ប្រតិបត្តិការយោធាពិសេស» ហើយបាននិយាយថា វាពិតជាសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលប្រឆាំងនឹង «ប្រទេសអធិបតេយ្យមួយ»។ លោក Duterte បាននិយាយថា៖«មនុស្សជាច្រើននិយាយថា Putin និងខ្ញុំគឺជាឃាតករ។ ខ្ញុំ​បាន​ប្រាប់​អ្នក​ជា​យូរ​មក​ហើយ​ថា ​ខ្ញុំ​ពិត​ជាបាន​សម្លាប់​ហ្វីលីពីន។ ប៉ុន្តែខ្ញុំសម្លាប់ឧក្រិដ្ឋជន ខ្ញុំមិនសម្លាប់កុមារ និងមនុស្សចាស់ទេ។ យើងនៅក្នុងពិភពលោក ២ ផ្សេងគ្នា»។

    ជម្រាបផងដែរថា លោក Duterte នឹងចុះចេញពីដំណែងនៅថ្ងៃទី៣០ ខែមិថុនា នៅពេលដែលអាណត្តិរយៈពេល ៦ឆ្នាំ ដ៏ច្របូកច្របល់របស់គាត់ត្រូវបានបញ្ចប់។ អំឡុងពេលដែលលោក Duterte កាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោកបានប្រើធម៌ក្ដៅ នៅក្នុងការបង្រ្កាបគ្រឿងញៀនដ៏ឃោរឃៅ ដែលនាំឱ្យមនុស្សជាង ៦,០០០ នាក់ ដែលភាគច្រើនជាជនសង្ស័យ បានស្លាប់នៅនឹងកន្លែង។ ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺច្រើនជាងនេះ ហើយបាននិយាយថា មនុស្សស្លូតត្រង់ រួមទាំងកុមារ ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងយុទ្ធនាការរបស់លោក Duterte ដែលប្តេជ្ញាបង្រ្កាបគ្រឿងញៀន រហូតដល់ថ្ងៃចុងក្រោយរបស់គាត់ក្នុងនាមជាប្រធានាធិបតីហ្វីលីពីន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Associated Press

    Share This Post: