អន្តរជាតិ

អង្គការសហប្រជាជាតិ៖ មនុស្សជិត ៤,០០០ នាក់ បានបាត់បង់ជីវិត ខណៈ ៦.៦ លាននាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម

BY
autoadmin
May 25, 2022

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប្រហែល ៦.៥៩ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃច័ន្ទ ទី២៣ ខែឧសភា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬ UNHCR បាននិយាយថា មនុស្សប្រហែល ៣.៥២ លាននាក់ នៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ, ៩៦០,០០០ នាក់ បានទៅប្រទេសរ៉ូម៉ានី, ៦៤០,០០០ នាក់ ទៅប្រទេសហុងគ្រី និង ៤៧០,០០០ នាក់ ទៅប្រទេសម៉ុលដាវី ខណៈប្រហែល ៩៣០,០០០ នាក់ បានទៅប្រទេសរុស្ស៊ី។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឬ OHCHR បានឱ្យថា គិតត្រឹមថ្ងៃចន្ទនេះ មានជនស៊ីវិលយ៉ាងតិច ៣,៩៤២ នាក់ (កុមារ​ ២៥៨ នាក់) ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ OHCHR និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានការស្លាប់ចំនួន ២,២០៩ នាក់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ភាគខាងកើតនៃ Donetsk និង Luhansk ។ ការស្លាប់ចំនួន ១,៧៣៣ នាក់ ក៏ត្រូវបានបញ្ជាក់នៅក្នុងតំបន់មួយចំនួន រួមទាំង Kharkov នៅភាគខាងកើត និងទីក្រុង Kyiv ផងដែរ។

OHCHR និយាយថា ជនស៊ីវិលចំនួន ៤,៥៩១ នាក់ បានរងរបួសគិតត្រឹមរយៈពេលដូចគ្នានេះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានកត់សម្គាល់ថា ចំនួនអ្នកស្លាប់ និងរបួសសរុបពិតប្រាកដ ទំនងជាមានច្រើនជាងតួលេខដែលបានបញ្ជាក់ ដោយសារចំនួនស្លាប់ និងរបួសនៅក្នុងទីក្រុងកំពង់ Mariupol ដែលជាកន្លែងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្ត មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: