អន្តរជាតិ

យោធាចិនបានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានដោយបើកចំហទៅកាន់សហរដ្ឋអាមេរិក

BY
autoadmin
May 25, 2022

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា យោធារបស់ចិនបានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានដោយបើកចំហប្រឆាំងនឹងការឃុបឃិតរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក។ ជាក់ស្ដែងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដោយបានបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយដែលអាចឱ្យមានការយល់ច្រឡំពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយខ្លួននិយាយថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងផ្នែកយោធា ប្រសិនបើប្រទេសចិនចង់វាយប្រហារកោះនេះ។ ប៉ុន្តែ​លោក បៃដិន ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មិន​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ទៅលើការគោរពតាមគោលនយោបាយ «ចិនតែមួយ» នោះទេ។

អង្គបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា ខ្លួនបានអនុវត្តការដាក់ពង្រាយ និងសមយុទ្ធនាពេលថ្មីៗនេះ នៅក្នុងដែនអាកាស និងសមុទ្រជុំវិញកោះតៃវ៉ាន់។ អ្នកនាំពាក្យលោក Shi Yi បាននិយាយថា៖«នេះគឺជាការព្រមានដ៏ឧឡារិក ប្រឆាំងនឹងការឃុបឃិតនាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់»។ លោកបាននិយាយថា៖«វាជាការលាក់ពុត និងឥតប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក ក្នុងការនិយាយបែបនេះ ប៉ុន្តែធ្វើបែបនោះលើបញ្ហាកោះតៃវ៉ាន់»។

ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឱ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះទេ ហើយច្រកសមុទ្រតៃវ៉ាន់នៅតែជាចំណុចសំខាន់ខាងយោធាដ៏មានសក្តានុពល។ ខណៈដែលសហរដ្ឋអាមេរិកគោរពតាមគោលនយោបាយចិនតែមួយ ប៉ុន្តែខ្លួនក៏បានធ្វើការប្តេជ្ញាចិត្តក្រោមច្បាប់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ «ដើម្បីជួយផ្តល់មធ្យោបាយការពារតៃវ៉ាន់»។ ទោះបីជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកនៅតែប្រកាន់យកគោលនយោបាយចាស់ ដែលនឹងមិនបញ្ជាក់ពីរបៀបនៃការឆ្លើយតបរបស់ខ្លួន ប្រសិនបើប្រទេសចិនសម្រេចធ្វើការវាយប្រហារលើកោះតៃវ៉ាន់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: