ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្មីរហូត! អូស្ត្រាលីកំពុងព្រមានពីការផ្ទុះឡើងនៃជំងឺលីចិនន៊ែរ (Legionnaires) ដែលជាជំងឺម្យ៉ាង អាចបណ្ដាលឱ្យមានបញ្ហារលាក​សួតដូចជំងឺកូវីដ១៩ដែរ

    BY autoadmin May 27, 2022
    ថ្មីរហូត! អូស្ត្រាលីកំពុងព្រមានពីការផ្ទុះឡើងនៃជំងឺលីចិនន៊ែរ (Legionnaires) ដែលជាជំងឺម្យ៉ាង អាចបណ្ដាលឱ្យមានបញ្ហារលាក​សួតដូចជំងឺកូវីដ១៩ដែរ

    យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ NSW Health ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលនៃរដ្ឋ New South Wales បានឱ្យដឹងថា ខ្លួនកំពុងផ្តល់ដំបូន្មានដល់អ្នកដែលរស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងស៊ីដនី ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ដើម្បីរកមើលរោគសញ្ញានៃជំងឺ Legionnaires បន្ទាប់មានករណីចំនួន ៥ ត្រូវបានគេរកឃើញ ហើយពួកគេទាំងនោះសុទ្ធតែធ្លាប់បានចេញចូលក្នុងតំបន់នោះ នៅក្នុងរយៈពេល ៣ សប្ដាហ៍ចុងក្រោយនេះ។ អ្នកទាំង ៥នាក់ ត្រូវបានគេរកឃើញថា បានឆ្លងបាក់តេរីម្យ៉ាងដែលបង្កឱ្យមានជំងឺ Legionnaires ដែលជារឿយៗ បាក់តេរីនោះកើតចេញពីកន្លែងសើម ត្រជាក់ និងកខ្វក់ នៅក្នុងអគារធំៗ។ មនុស្សអាចប៉ះពាល់នឹងបាក់តេរីនោះបានដោយការដកដង្ហើម នៅពេលដែលភាគល្អិតកខ្វក់ចេញពីប្រព័ន្ធត្រជាក់ ត្រូវបានបញ្ចេញទៅក្នុងខ្យល់អាកាស។

    អ្នកជំងឺទាំង ៥នាក់ រួមមាន៖ ស្រ្តីចំនួន ២នាក់ និងបុរសចំនួន ៣នាក់ ដែលមានអាយុចន្លោះពី ៤០ ទៅ ៧០ឆ្នាំ ហើយពួកគេបានឆ្លងកាត់ស្ថានីយ៍ Museum Station, ផ្លូវ York Street, ផ្លូវ Street Park និងផ្លូវ Martin Place ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ មុនពេលចេញរោគសញ្ញា។ ឥឡូវនេះ អ្នកជំងឺទាំង ​៥​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត ដែលបណ្ដាលមកពីជំងឺ Legionnaires ។

    ជំងឺនេះអាចសំងំនៅក្នុងខ្លួនមនុស្សរយៈពេល ១០ថ្ងៃ ចាប់តាំងពីពេលដែលអ្នកជំងឺបានប៉ះពាល់នឹងភាគល្អិតដែលមានមេរោគនៅក្នុងខ្យល់ ហើយរោគសញ្ញារួមមាន៖ គ្រុនក្តៅ ញាក់ ក្អក និងដង្ហើមខ្លី ហើយអាចបណ្តាលឱ្យមានការឆ្លងមេរោគក្នុងទ្រូងធ្ងន់ធ្ងរ ដូចជាជំងឺរលាកសួតជាដើម។ អ្នកដែលកើតជំងឺ Legionnaires ត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយកាំរស្មី X លើទ្រូង និងការធ្វើតេស្តទឹកនោម ហើយជាធម្មតាត្រូវការការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចនៅក្នុងមន្ទីរពេទ្យ។ ក្រៅពីការចម្លងតាមម៉ាស៊ីនត្រជាក់ នៅពេលមនុស្សដកដង្ហើមចេញចូល ជំងឺ Legionnaires អាចប្រមូលផ្តុំនៅកន្លែងដែលមានសភាពសើមដូចជា៖ ការត្រាំទឹក (Hot tub) ឬបណ្ដាញបង្ហូរទឹក -ល- ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NSW Health

    Share This Post: