អន្តរជាតិ

បាតុករ​ថៃមួយក្ដាប់តូច បានធ្វើការតវ៉ានៅមុខសណ្ឋាគារ Imperial ទីក្រុងតូក្យូ ដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង កំឡុងពេលលោកចូលរួមសន្និសីទអន្តរជាតិនៅជប៉ុន

BY
autoadmin
May 27, 2022

បាតុករ​ថៃមួយក្រុមមកពីក្រុម UDD Japan បានប្រមូលផ្តុំគ្នាមកតវ៉ានៅមុខសណ្ឋាគារមួយ ដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កំពុងស្នាក់នៅ ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតនៃអាស៊ី ឬ វេទិកា Nikkei ដែលមានរយៈពេល ២ថ្ងៃ ហើយត្រូវបញ្ចប់នៅល្ងាចថ្ងៃសុក្រនេះផ្ទាល់។ បាតុករបាន​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ គួរចុះ​ចេញ​ពី​តំណែង និង​ដោះលែង​សកម្មជន​នយោបាយ​វ័យ​ក្មេង ដែលប៉ូលីសថៃបានចាប់ដាក់​ពន្ធនាគារ។ កាលពីម្សិលមិញម៉ោងប្រហែល ៣រសៀល ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុម UDD Japan បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសមាជិកក្រុមកំពុងតវ៉ានៅមុខសណ្ឋាគារ Imperial ក្នុងទីក្រុងតូក្យូ។

បាតុករ​បាន​ស្រែក​ជា​ភាសា​ថៃ និង​ជប៉ុន ដោយខ្លះបានស្រែកថា៖«ប្រាយុទ្ធ ចេញ!… របបផ្តាច់ការនឹងរលំ លទ្ធិប្រជាធិបតេយ្យនឹងរីកចម្រើន»។ ចំណែកនៅលើ​បដា​របស់ពួកគេ​សរសេរ​ថា… «គ្មាន​រដ្ឋប្រហារ» និង «លទ្ធិប្រជាធិបតេយ្យ​ត្រូវ​តែចេញមក​ពី​ប្រជាជន​ទាំង​មូល»។ ក្រុមនេះក៏បានស្នើឱ្យរដ្ឋាភិបាលថៃដោះលែងសកម្មជននយោបាយវ័យក្មេងផ្សេងគ្នា ដែលត្រូវបានចាប់ខ្លួន ដោយសារតែពួកគេបញ្ចេញមតិនយោបាយ និងលើកឡើងពីគ្រួសាររាជវង្សថៃ។ ក្រុមអ្នកតវ៉ាបាននិយាយថា ក្មេងជំទង់ទាំងនោះមិនបានធ្វើអ្វីខុសទេ ដោយអះអាងថា សកម្មជនវ័យក្មេងគ្រាន់តែ «និយាយការពិតដែលរដ្ឋមិនអាចទទួលយកបាន»។ បាតុករក៏​បាន​និយាយ​ដែរ​ថា ប្រទេស​ថៃ​គួរ​សម្លឹង​មើល​ប្រទេស​អភិវឌ្ឍន៍​មួយ​ដូច​ជា​ ប្រទេស​ជប៉ុន​ជា​គំរូ ហើយ​ឈប់​បំផ្លាញ​អនាគត​កុមារ​របស់​ប្រទេស​ថៃទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: