អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានទទួលរបាយការណ៍ចំនួន ៦៥០ ករណី ទាក់ទងនឹងជំងឺរលាកថ្លើម ដែលកើតមានលើកុមារយ៉ាងអាថ៌កំបាំង
- BY
- autoadmin
- May 28, 2022
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍ចំនួន ៦៥០ ករណី ពាក់ព័ន្ធនឹងជំងឺរលាកថ្លើមស្រួចស្រាវចំពោះកុមារ (hepatitis) ប៉ុន្តែបានបន្ថែមថា មូលហេតុនៅតែមិនទាន់ដឹងនៅឡើយទេ ហើយពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេត។ គិតត្រឹមថ្ងៃទី២៦ ខែឧសភា មានករណីចំនួន ៦៥០ ត្រូវបានរាយការណ៍ទៅ WHO ពីប្រទេសចំនួន ៣៣ ដោយមាន ៩៩ ករណី កំពុងរង់ចាំការបញ្ជាក់ នេះបើយោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក។

ជម្រាបដែរថា អាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងស៊ើបអង្កេតការកើនឡើងដ៏អាថ៌កំបាំងជាបន្តបន្ទាប់ នៃជំងឺរលាកថ្លើមចំពោះកុមារតូចៗ ហើយកន្លងមក មានករណីមរណភាពរហូតដល់ទៅ ៩ ករណី ត្រូវបានគេរាយការណ៍។
កាលពីសប្តាហ៍មុនមន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា ការឆ្លងមេរោគ adenovirus ដែលជាមេរោគមានទូទៅលើកុមារ មានជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺរលាកថ្លើម ដែលគ្មានប្រភពច្បាស់លាស់នេះ។ ពោលគឺជំងឺរលាកថ្លើម ដែលភ្ជាប់ទៅនឹងវីរុស adenovirus ស្ទើរតែទាំងអស់ គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងកុមារដែលមានភាពស៊ាំខ្សោយ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏បាននិយាយផងដែរថា ខ្លួនកំពុងស៊ើបអង្កេតថា តើការឆ្លងជំងឺ COVID-19 អាចជាអ្នកដើរតួនាទីក្នុងបញ្ហានេះ និងថាតើមានកត្តាហានិភ័យអ្វីផ្សេងទៀត ដែលបង្កឱ្យមានជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






