ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Andrei Kelin បាននិយាយថា រុស្ស៊ីនឹងមិនប្រើយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេស បានច្រានចោលនូវលទ្ធភាពដែលទីក្រុងមូស្គូ អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតលោក Andrei Kelin បានប្រាប់ BBC កាលពីថ្ងៃសៅរ៍ថា យោងតាមគោលលទ្ធិយោធារុស្ស៊ី អាវុធបែបនេះមិនត្រូវបានប្រើនៅក្នុងជម្លោះប្រភេទនេះឡើយ។ លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយនឹងគិតជាសំខាន់ «នៅពេលអត្ថិភាពរបស់រដ្ឋមានគ្រោះថ្នាក់»។ លោកបានសង្កត់ធ្ងន់ថា៖ «វាមិនមានពាក់ព័ន្ធនឹងប្រតិបត្តិការបច្ចុប្បន្នទេ»។

នៅពេលសួរអំពីការប្រយុទ្ធគ្នានៅភាគខាងកើតរបស់អ៊ុយក្រែន លោក Andrei Kelin បាននិយាយថា ប្រទេសរុស្ស៊ីនឹងដោះស្រាយវាជាមួយនឹង «ប្រតិបត្តិការធម្មតាដែលមានកំណត់»។ គាត់បន្ថែមថា៖«ប្រហែលជាអ្នកក៏បានកត់សម្គាល់ឃើញថា យើងមិនបង្កើនចំនួនកងកម្លាំងនៅទីនោះទេ។ យើងជឿថា វាគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាព»។ ការអត្ថាធិប្បាយរបស់លោក Kelin ធ្វើឡើងចំពេលមានការព្រួយបារម្ភជាខ្លាំងពីអន្តរជាតិ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ ត្រូវត្រៀមខ្លួនជាពិសេសកាលពីក្នុងខែកុម្ភៈ។
លោក Kelin ក៏បានធ្វើអត្ថាធិប្បាយលើទីក្រុង Bucha ដែលជាទីក្រុងក្បែរទីក្រុងគៀវ ជាកន្លែងដែលជនស៊ីវិលស្លាប់មួយចំនួនធំត្រូវបានរកឃើញ បន្ទាប់ពីទាហានរុស្ស៊ីបានដកថយ ដោយបាននិយាយថា អភិបាលក្រុង Bucha នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់គាត់បានបញ្ជាក់ថា «ទាហានរុស្ស៊ីបានចាកចេញ អ្វីគ្រប់យ៉ាងគឺស្អាត និងស្ងប់ស្ងាត់ ហើយគ្មានសាកសពនៅតាមផ្លូវទេ»។ លោក Kelin បានបន្ថែមថា៖«តាមទស្សនៈរបស់យើង វាជាការប្រតិដ្ឋ។ វាត្រូវបានប្រើដើម្បីរំខានការចរចាគ្នា»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC