ភ្លៀងធ្លាក់យ៉ាងខ្លាំង និងការរអិលបាក់ដីដ៏ធំ បានឆក់យកជីវិតមនុស្សជិត ៨០នាក់ នៅប្រទេសប្រេស៊ីល
- BY
- autoadmin
- May 30, 2022
យ៉ាងហោចណាស់មនុស្សចំនួន ៧៩ នាក់ បានស្លាប់នៅក្នុងទឹកជំនន់ និងការរអិលបាក់ដីដ៏ធំ ដែលបង្កឡើងដោយភ្លៀងធ្លាក់នៅភាគឦសាននៃប្រទេសប្រេស៊ីល ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងវាយលុករដ្ឋ Pernambuco និងរដ្ឋធានី Recife របស់ប្រទេសប្រេស៊ីល ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន។ អាជ្ញាធររដ្ឋបាននិយាយថា មនុស្សមួយចំនួនធំបានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានជន់លិចដោយការរអិលបាក់ដី។ ពួកគេនិយាយថា បុគ្គលិកយោធា និងអ្នកពន្លត់អគ្គីភ័យកំពុងស្វែងរកអ្នកនៅរស់។

ប្រជាជនប្រេស៊ីលក្រីក្រជាច្រើននាក់ បានរស់នៅចង្អៀតជាមួយគ្នានៅលើភ្នំ និងនៅតំបន់ផ្សេងទៀត ដែលទំនងជាការរអិលបាក់ដី។ មនុស្សប្រហែល ៤,០០០ នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយត្រូវបង្ខំឱ្យជម្លៀសចេញពីតំបន់ទាំងនោះ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា យោធាត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងសង្គ្រោះអ្នករស់រាន។ គាត់និយាយថា គាត់នឹងទៅមើលកន្លែងគ្រោះមហន្តរាយនៅថ្ងៃចន្ទនេះ។ ជម្រាបដែរថា ប្រទេសប្រេស៊ីលបានញាំញីដោយគ្រោះមហន្តរាយ ទាក់ទងនឹងភ្លៀងតាំងពីឆ្នាំមុនមកម្ល៉េះ។ មនុស្សជាង ២៣០ នាក់ បានស្លាប់នៅក្នុងការរអិលបាក់ដីនៅជិតទីក្រុង Rio de Janeiro ក្នុងខែកុម្ភៈថ្មីៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle
- Share This Post:






