អន្តរជាតិ

យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាត់តូចមួយ នៅក្នុងប្រទេសនេប៉ាល់

BY
autoadmin
May 30, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសនេប៉ាល់ បានរកឃើញសាកសពចំនួន ១៤ នាក់ នៅអំឡុងការរុករកមួយនៅតាមជួរភ្នំហិម៉ាឡៃ បន្ទាប់ពីយន្ដហោះខ្នាតតូចមួយគ្រឿង ជាមួយអ្នកដំណើរ ២២ នាក់ បានធ្លាក់នៅទីនោះ។ ក្រុមមន្ត្រីបាននិយាយថា ឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតមានតិចតួចណាស់។ យន្តហោះមួយគ្រឿងនោះ ដំណើរការដោយក្រុមហ៊ុនឯកជន Tara Air បានធ្លាក់ចុះអំឡុងពេលអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានប្រទះឃើញដោយកងទ័ពរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រតិបត្តិការស្វែងរកបានបន្ដឡើងវិញ ក្រោយពេលផ្អាកពេញមួយយប់។

អ្នកស្រី Deo Chandra Lal Karna អ្នក​នាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នេប៉ាល់​បាន​ថ្លែង​ថា៖ «ឱកាស​តិចតួច​ណាស់​ក្នុង​ការ​ស្វែង​រក​អ្នក​នៅ​រស់»​។ ចំណែកលោក Tek Raj Sitaula អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ បាននិយាយថា សាកសពមនុស្សចំនួន ១៤ នាក់ ត្រូវបានរកឃើញដោយក្រុមសង្គ្រោះគិតមកទល់ពេលនេះ ហើយការស្វែងរកអ្នកផ្សេងទៀតកំពុងបន្ត។ អ្នកនាំពាក្យកងទ័ពនេប៉ាល់ លោក Narayan Silwal បាននិយាយថា៖«ក្រុមស្វែងរកបានរកឃើញបំណែកយន្តហោះ និងបានចែករំលែករូបភាពមួយ។ ក្រុមបន្ថែមកំពុងធ្វើដំណើរទៅទីនោះ ដូច្នេះយើងនឹងអាចទទួលបានព័ត៌មានលម្អិតបន្ថែមទៀត»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: