អន្តរជាតិ

ថៃ៖​ ជីវិតជាការតស៊ូ! ក្មេងប្រុសម្នាក់វ័យពេញរត់លេង តែសុខចិត្តបោះបង់កុមារភាពមកធាក់កង់លក់បាយ ដើម្បីជួយម្តាយ និងយាយរកចំណូល

BY
autoadmin
June 2, 2022

ថៃ៖ កាលពីពេលថ្មីៗនេះអ្នកលេងសង្គមអនឡាញមួយបានចែករំលែក វីដេអូដែលជាសកម្មភាពរបស់ ក្មេងប្រុស អាយុ ១២ឆ្នាំម្នាក់ ធាក់កង់ព្រមទាំងស្រែកច្រៀងពពាយនាយ ហៅភ្ញៀវយ៉ាងពីរោះ។ ក្រោយមកអ្នកសារព័ត៌មានបានធ្វើដំណើរទៅជួបជាមួយក្មេងប្រុសខាងលើ នាស្រុក Sri Maha Phot ខេត្ត Prachinburi ប្រទេសថៃ។

ក្រោយធ្វើដំណើរទៅដល់ក៏ប្រទះឃើញក្មេងប្រុសដ៏ឧស្សាហ៍ម្នាក់នេះ កំពុងតែធាក់កង់ព្រមជាមួយនឹងកន្រ្តកដាក់បាយប្រអប់លក់ផងស្រែកច្រៀង ហៅអតិថិជនផង។ ក្រោយពីបានសាកសួរ អ្នកសារព័ត៌មានបានអោយដឹងថា ក្មេងប្រុសម្នាក់នេះឈ្មោះថា «ថាណេត ចាន់ថាណាត ឬ ណងហ្វើស » អាយុ ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ ដែលជាសិស្សល្អរៀនពូកែ ថែមទាំងទទួលបានពិន្ទុ (3.8 GPA )។ Nong First បាននិយាយថា ដោយសារតែគ្រួសារក្រីក្រ ដូច្នេះចង់រកលុយជួយម៉ាក់ហើយនិងយាយ ទើបបានប្រាប់ម៉ាក់ហើយនិងយាយថា អោយធ្វើបាយប្រអប់លក់ ព្រោះស្នាដៃយាយឆ្ងាញ់លេខ១ ដោយប្អូននឹងធ្វើជាអ្នកធាក់កង់លក់តាមភូមិ តាមសង្កាត់ ដែរនៅក្បែរៗនោះ។

ការលក់ ថ្ងៃខ្លះក៏លក់អស់ ថ្ងៃខ្លះក៏លក់មិនអស់ ប៉ុន្តែលុយដែលបានពីការលក់ទាំងអស់គឺប្អូនយកមកប្រគល់ជូនយាយទាំងអស់ បងប្អូនខ្លះអាណិតក៏អោយនំត្រឡប់មកញាំវិញទៀតផង។ លុះអ្នកសារព័ត៌មានក៏បានសួរប្អូន ហ្វើស (First) ថា មិនចង់រត់លេងជាមួយមិត្តភក្តិទេ? ប្អូនហ្វើសក៏បានឆ្លើយវិញថា «អត់ទេបាទ ជួយម៉ាក់ហើយនិងយាយរកលុយល្អជាង»។

ចំពោះខាង​លោកយាយ Suwimon Chumchan អាយុ​៦៧​ឆ្នាំ ជីដូន​របស់ Nong First បាន​បង្ហើប​ថា គាត់​ជា​កូន​កតញ្ញូ និង​ឧស្សាហ៍​ព្យាយាម។ ក្រោយ​ចៅចេញពី​រៀន​ហើយ គេ​បានមក​យក​បាយ​ដែល​ធ្វើរួច ដាក់កន្ត្រកនៅខាងក្រោយកង់ ដើរ​លក់​តាម​ភូមិ ថ្ងៃខ្លះឃើញចៅអស់កម្លាំង ឬឃើញចៅហត់ យាយចង់សម្រាក ប៉ុន្តែចៅមិនព្រមនោះទេ នៅតែចង់អោយយាយធ្វើលក់ទៀត ចំណែកយាយមិនហ៊ានបង្ខំចិត្តចៅទេ។ លោកយាយបានបន្តទៀតថា លោកយាយស្រឡាញ់ចៅខ្លាំងណាស់ ព្រោះគាត់ជាកូនកតញ្ញូ ចង់អោយចៅតាំងចិត្តរៀនសូត្រ ដើម្បីអោយចៅមានអនាគតល្អ មិនពិបាកដូចយាយហើយនិងម្តាយដូចសព្វថ្ងៃ៕

អត្ថបទ៖ Bee

Share This Post: