អន្តរជាតិ

ឱសថការីថៃព្រមានកុំអោយប្រើម្ស៉ៅបែបនេះមកបិទធ្មេញប្រហោង ដូចវីដេអូគេចែកចាយក្នុង TikTok ព្រោះអាចប៉ះពាល់ដល់អាយុជីវិត

BY
autoadmin
June 1, 2022

ថៃ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ទំព័រហ្វេសប៊ុក សមាគមពាណិជ្ជកម្មឱសថឈៀងម៉ៃ បាន​បង្ហោះ​អំពី​ករណី​នៃ​ពិភព​អនឡាញ ជាវីដេអូឃ្លីបពី TikTok ដែលបានផ្សព្វផ្សាយអំពីជំនឿថា «ម្សៅម្យ៉ាងម៉ាកឆ័ត្រយោងអាចប្រើសម្រាប់បិទធ្មេញដែលចន្លោះប្រហោងបាន »។ សមាគមពាណិជ្ជកម្មឱសថ បានបញ្ជាក់ថា មានមនុស្សមួយចំនួនបានជឿទុកចិត្តលើការមើលក្នុង Tik Tok ហើយបានទិញម្សៅនោះមកប្រើ ប៉ុន្តែជាសំណាងល្អ ឱសថការីបានសួរត្រឡប់មកវិញ តើអ្នកដឹងមកពីណាថា អាចយកម្ស៉ៅនេះមកបិទធ្មេញប្រហោងបាន? ហើយចម្លើយដែលបានទទួលនោះគឺឃើញគេធ្វើក្នុង  TikTok ។

គួរឱ្យដឹងថា ម្ស៉ៅ​នោះ​ គឺ​ជា​ថ្នាំ​ខាង​ក្រៅ ដែល​មាន​ន័យ​ថា ​វា​ត្រូវ​បាន​គេ​លាប​ខាង​ក្រៅ  មិនអាចបរិភោគ ឬប្រើវានៅលើមាត់ លាបអញ្ចាញធ្មេញ ឬការបិទធ្មេញប្រហោងនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺថាម្ស៉ៅនោះមានផ្ទុកថ្នាំ sulfanilamide ជាគ្រឿងផ្សំ ដែលអាចបណ្តាលឲ្យពុលបាន។

យ៉ាងណាមិញ សមាគមពាណិជ្ជកម្មឱសថបានបង្ហោះដូចខាងលើ ព្រមទាំងសារដាស់តឿនថា កុំអោយប្រើម្ស៉ៅនោះបិទធ្មេញប្រហោងដូចវីដេអូគេបង្ហោះ ព្រោះវាអាចធ្វើពុលបាន បើស្រឡាញ់ជីវិតសូមកុំសាកប្រើថ្នាំផ្ដេសផ្ដាស ហើយប្រសិនបើមានបញ្ហាទាក់ទងនឹងការប្រើថ្នាំគួរទៅពិគ្រោះជាមួយពេទ្យទើបជាការប្រសើរ៕

អត្ថបទ៖ Bee

ប្រភព៖sanook

Share This Post: