លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងដាក់ការវាយប្រហារថ្មីៗទៀត ប្រសិនបើប្រព័ន្ធរ៉ុក្កែតទំនើប HIMARS ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន
- BY
- autoadmin
- June 6, 2022
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រទេសរបស់លោកនឹងវាយលុកទីតាំងនានា ប្រសិនបើប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន។ លោក ពូទីន បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ទើបតែបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតចល័តទំនើប ឬ HIMARS ទៅកាន់ប្រទេសអ៊ុយក្រែន។ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រព័ន្ធរ៉ុក្កែតទាំងនោះ គឺស្រដៀងទៅនឹងប្រព័ន្ធដែលធ្លាប់កាន់កាប់ដោយអ៊ុយក្រែនពីមុន ហើយលោកថា វាគ្មានអ្វីថ្មីចំពោះរឿងនេះនោះទេ។

ប៉ុន្តែលោក ពូទីន បាននិយាយថា ប្រសិនបើគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន រុស្ស៊ីនឹងប្រើប្រាស់អាវុធរបស់ខ្លួន ដើម្បីវាយប្រហារលើគោលដៅ ដែលខ្លួនមិនទាន់បានវាយប្រហារពីមុន ហើយខ្លួនមានសព្វាវុធក្នុងបរិមាណគ្រប់គ្រាន់សម្រាប់បំណងនេះ។ ជាមួយគ្នានេះដែរ យោធាអ៊ុយក្រែនបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលហោះហើរលើសមុទ្រកាសព្យែន (Caspian Sea) បានបាញ់មីស៊ីលចំនួន ៥ គ្រាប់ ឆ្ពោះទៅកាន់ទីក្រុងគៀវកាលពីថ្ងៃអាទិត្យ ហើយ ១ ក្នុងចំណោមយន្ដហោះទាំងនោះ ត្រូវបានបាញ់ទម្លាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្ដហោះ ៤ ផ្សេងទៀត បានបុកកន្លែងជួសជុលរថយន្តផ្លូវដែកមួយកន្លែងក្នុងរដ្ឋធានីគៀវ ដែលបណ្តាលឱ្យមនុស្សម្នាក់រងរបួស៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






