ព្រះអង្គម្ចាស់ Harry និងនាង Meghan បានបង្ហាញរូបភាពថ្មីមួយរបស់កូនស្រី បន្ទាប់ពីថ្ងៃខួបកំណើតកម្រប់ ១ខួប របស់នាងតូច
ព្រះអង្គម្ចាស់ Harry និងនាង Meghan ដែលជា Duchess of Sussex បានបញ្ចេញរូបថតថ្មីមួយរបស់ Lilibet ដែលជាកូនទី២ របស់ពួកគេ បន្ទាប់ពីថ្ងៃខួបកំណើតគម្រប់ ១ខួប របស់នាងតូចកាលពីថ្ងៃសៅរ៍ នៅឯ Frogmore Cottage ក្នុងក្រុង Windsor ក្នុងចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ អ្នកនាំពាក្យបាននិយាយថា គូស្នេហ៍មួយគូនេះ «មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះការជូនពរថ្ងៃខួបកំណើតរាប់មិនអស់ សម្រាប់កូនស្រីរបស់ពួកគេគឺ Lilibet Diana Mountbatten-Windsor» ដោយបន្ថែមថា ពួកគេមានការរំភើបយ៉ាងខ្លាំងដែលបានដឹងថា ការបរិច្ចាគជាកិត្តិយសក្រោមឈ្មោះរបស់ Lilibet សម្រាប់អង្គការ World Central Kitchen (WCK) គឺមានច្រើនជាង ១០០,០០០ ដុល្លារឯណោះ។

អ្នកនាំពាក្យបាននិយាយថា៖«WCK គឺជាអង្គការឈានមុខគេដំបូងគេ ដែលផ្តល់អាហារជាការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ អាកាសធាតុ និងសហគមន៍។ ពួកគេបង្កើតប្រព័ន្ធអាហារធន់ជាមួយនឹងដំណោះស្រាយដែលដឹកនាំក្នុងស្រុក។ ថ្មីៗនេះ ពួកគេបានផ្តល់ការគាំទ្រនៅក្រុង Uvalde, រដ្ឋ Texas និងអ៊ុយក្រែន»។ ចំណែកនៅក្នុងរូបភាពថ្មីនោះក៏បានបង្ហាញថា នាងតូច Lilbet ក៏មិនខុសពី Archie ដែលជាបងប្រុសរបស់នាងនោះដែរ ដោយពួកគេទាំង ២ មានសក់ពណ៌ក្រហមដូចជាឪពុក គឺព្រះអង្គម្ចាស់ Harry។ គួរឱ្យដឹងដែរថា Lilibet ត្រូវបានដាក់ឈ្មោះតាមជីដូនដ៏អស្ចារ្យរបស់នាង គឺម្ចាស់ក្សត្រី Elizabeth II ដែលជាស្ដេចស្រីតែមួយគត់ ដែលបន្ដកាន់អំណាចរហូតដល់សព្វថ្ងៃ ពោលគឺ ៧០ឆ្នាំ បន្ទាប់ពីទ្រង់បានសោយរាជ្យនៅឆ្នាំ១៩៥២៕

អត្ថបទ៖ លីដា
ប្រភព៖ CNN