អន្តរជាតិ

កង្វះខាតសាឡាត់ស្រួយនៅប្រទេសអូស្ត្រាលី បានបង្ខំឱ្យហាង KFC ត្រូវប្រើស្ពៃក្តោបក្នុងប៊ឺហ្គឺរបស់ខ្លួន

BY
autoadmin
June 7, 2022

ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងកង្វះខាតសាឡាត់យ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យតម្លៃកើនឡើង ហើយបានជំរុញឱ្យហាងអាហាររហ័ស KFC ត្រូវដាក់ស្ពៃក្តោប នៅក្នុងប៊ឺហ្គឺរបស់ខ្លួនជំនួសវិញ។ ក្រុមហ៊ុន KFC បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងប្រើប្រាស់ការលាយបញ្ចូលគ្នានៃសាឡាត់ស្រួយ និងស្ពៃក្តោប នៅទូទាំងភោជនីយដ្ឋានរបស់ខ្លួនទាំងអស់ ដោយលើកឡើងពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីទឹកជំនន់នៅទូទាំងឆ្នេរសមុទ្រភាគខាងកើត បានបំផ្លាញដំណាំសាឡាត់ជាច្រើនកាលពីដើមឆ្នាំនេះ។ សម្រាប់អ្នកទិញធម្មតាក៏រងផលប៉ះពាល់ទាក់ទងនឹងតម្លៃកើនឡើងផងដែរ ដោយសាឡាត់ស្រួយមួយដើម អាចមានតម្លៃរហូតដល់ទៅ ១២ ដុល្លារអូស្ត្រាលី (៨.៦៥ ដុល្លារអាមេរិក) ហើយតម្លៃកាន់តែខ្ពស់សម្រាប់ផលិតផលផ្សេងទៀត ដូចជាឪឡឹកមួយផ្លែកើនឡើងដល់ ២៥ ដុល្លារអូស្ត្រាលី (១៨ ដុល្លារអាមេរិក)។

យោងតាមអ្នកព្យាករណ៍របស់រដ្ឋាភិបាល Abares បានឱ្យដឹងថា ការឡើងថ្លៃសម្រាប់បន្លែ និងផ្លែឈើនៅក្នុងប្រទេសអូស្ត្រាលី គឺបណ្តាលមកពីបញ្ហាអាកាសធាតុ ដូចជាទឹកជំនន់ជាដើម។ អូស្ត្រាលីក៏ប្រឈមនឹងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារជំងឺរាតត្បាត និងការខ្វះខាតកម្លាំងពលកម្មជាបន្តបន្ទាប់ ក៏ដូចជាកង្វះគ្រឿងចក្រនាំចូលសំខាន់ៗ ខណៈដែលប្រទេសនេះគឺជាប្រទេសនាំចេញកសិផលដ៏ធំមួយរបស់ពិភពលោក។ ការលុកលុយរបស់រុស្សីមកលើអ៊ុយក្រែន ក៏បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់អន្ដរជាតិ ហើយជំរុញឱ្យតម្លៃនៃធាតុចូលកសិកម្មសំខាន់ៗ ដូចជាជី និងប្រេងម៉ាស៊ូតមានការឡើងថ្លៃ។ តម្លៃទំនិញប្រើប្រាស់សម្រាប់បន្លែមានការកើនឡើង ៤.៩% និងផ្លែឈើមានការកើនឡើង ៦.៦% ដោយវាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសខែមីនានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP

Share This Post: