អន្តរជាតិ

គណៈកម្មាធិការប្រឹក្សារបស់ FDA អាមេរិក បានបោះឆ្នោតណែនាំឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Novavax

BY
autoadmin
June 8, 2022

គណៈកម្មាធិការប្រឹក្សារបស់រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានបោះឆ្នោតណែនាំឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Novavax។ ក្រុមអ្នកជំនាញឯករាជ្យបានសន្និដ្ឋានកាលពីថ្ងៃអង្គារថា អត្ថប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំង ២ដូស របស់ក្រុមហ៊ុនឱសថអាមេរិកមួយនេះ គឺមានលើសពីហានិភ័យ។ FDA ត្រូវបានគេរំពឹងថា នឹងអនុម័តវ៉ាក់សាំងនេះក្នុងពេលឆាប់ៗនេះ ដែលនឹងធ្វើឱ្យវាក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៤ ដែលទទួលបានការបើកផ្លូវឱ្យមានការប្រើប្រាស់ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅក្នុងសហរដ្ឋអាមេរិក។

វ៉ាក់សាំងរបស់ Novavax គឺជាអ្វីដែលគេស្គាល់ថា ជាវ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីន ហើយវាក៏ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់នៅក្នុងប្រទេសជាច្រើនរួចមកហើយ។ ក្រុមប្រឹក្សាយោបល់បានរាយការណ៍នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា ថ្វីបើមានករណីចំនួន ៦ នៃការរលាកនៃសាច់ដុំបេះដូង ឬភ្នាសដែលរុំព័ទ្ធបេះដូង ត្រូវបានរកឃើញនៅក្នុងអ្នកចូលរួមនៃការធ្វើតេស្តព្យាបាលរបស់ Novavax ក៏ដោយ ប៉ុន្តែវាមិនអាចបញ្ជាក់បានថា បញ្ហានោះកើតឡើងដោយសារវ៉ាក់សាំងនោះឡើយ ហើយវ៉ាក់សាំងនេះគឺមានប្រសិទ្ធភាពខ្ពស់ជាងហានិភ័យ។ យ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបានកត់សម្គាល់ថា ការសិក្សាលើវ៉ាក់សាំងនេះគួរតែមានបន្តទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo

Share This Post: