ក្មេងប្រុសជនជាតិអាមេរិកអាយុ ២ឆ្នាំម្នាក់ បានលេងកាំ.ភ្លើងពិត ជ្រុលបា.ញ់ត្រូវឪពុករបស់ខ្លួន រហូតបាត់បង់ជីវិត ខណៈម្ដាយត្រូវចាប់ខ្លួនដោយសាររឿង ១នេះ
យោងតាមប្រភពព័ត៌មានចុះផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា ប៉ូលីសនៅទីក្រុង Orlando នៃរដ្ឋ Florida សហរដ្ឋអាមេរិក ទទួលបានសេចក្តីរាយការណ៍ថា មានការផ្ទុះអាវុធមួយនៅក្នុងផ្ទះ នៅពេលដែលមន្រ្តីប៉ូលីសមកដល់ ពួកគេបានឃើញស្រ្តីជាប្រពន្ធដែលមានឈ្មោះថា Maria Ayala កំពុងធ្វើ CPR អោយប្តីរបស់នាងគឺលោក Reggie Mabri មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកក៏បាត់បង់ជីវិត។ ដំបូងឡើយ មន្ត្រីប៉ូលីសបានយល់ថា ប្តីរបស់នាងអាយុ ២៦ឆ្នាំបានបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែ តាមការបញ្ជាក់របស់កូនច្បងនៃបងប្អូនបង្កើតទាំងបីនាក់នោះបានបង្ហាញថា ជនដៃដល់ពិតជាប្អូន ប្រុសទី២ ដែលមានអាយុទើបតែ២ឆ្នាំ។

នៅមុនពេលកើតហេតុ ឪពុកដែលជាម្ចាស់កាំភ្លើងបានទុកកាំភ្លើងក្នុងកាបូបនៅលើឥដ្ឋ មុនពេលក្មេងតូចមករើយកទៅលេងរហូតភ្លាត់កាំភ្លើងបាញ់ចំខ្នងឪពុករបស់ខ្លួន ខណៈ ពេលដែលគាត់កំពុងអង្គុយនៅលើតុលេងហ្គេមកុំព្យូទ័រ។ គ្រួសារសពមានកូន ៣នាក់ កូនពៅអាយុទើបតែ ៥ខែប៉ុណ្ណោះ ដោយឪពុកនិងម្តាយរបស់កូនទាំងបីត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការនៅក្រៅឃុំពីបទចោទផ្សេងៗរួមទាំង ការធ្វេសប្រហែសលើកូនផងដែរ និងមានការចោទប្រកាន់លើការប្រើប្រាស់គ្រឿងញៀន ដែលហេតុការណ៍នេះនឹងធ្វើឱ្យម្តាយរបស់ក្មេងត្រូវជាប់គុក ខណៈពេលដែលឪពុកបានស្លាប់ ហើយអាជ្ញាធរត្រូវផ្តល់ផ្ទះថ្មីមួយដែលនឹងបន្តមើលថែក្មេងទាំងបីនាក់នោះ៕

អត្ថបទ៖ Bee
ប្រភព៖ thairath