សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការកំណត់កូតាយេនឌ័រនៅក្នុងក្រុមហ៊ុន និងក្រុមប្រឹក្សាសាជីវកម្ម
- BY
- autoadmin
- June 9, 2022
សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដាក់កូតាយេនឌ័រលើក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្លុក ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅលើក្រុមប្រឹក្សាសាជីវកម្ម។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចរវាងក្រុមប្រឹក្សាគណៈកម្មការអឺរ៉ុប និងសភាអឺរ៉ុបកាលពីថ្ងៃអង្គារ។ ពោលគឺនៅពាក់កណ្តាលឆ្នាំ២០២៦ ក្រុមហ៊ុនទាំងអស់នឹងត្រូវបានគេទាមទារឱ្យមានយ៉ាងហោចណាស់ ៤០% ដែលមិនមែនជាក្រុមប្រឹក្សាភិបាល ឬថ្នាក់ក្រោម (non-executive board) និង ៣៣% ដែលជាក្រុមប្រឹក្សាភិបាល ឬសមាជិកជាន់ខ្ពស់ ត្រូវតែជាក្រុមភេទដែលកំពុងមានតិចតួចនៅក្នុងក្រុមហ៊ុនមួយនោះផ្ទាល់ (underrepresented sex)។

ម្យ៉ាងទៀត នៅពេលដែលបេក្ខជន ២នាក់ ដែលមានភេទផ្សេងគ្នា មានលក្ខណៈសម្បត្តិស្មើគ្នា ក្រុមហ៊ុនត្រូវជ្រើសរើសយកបេក្ខភាព ភេទស្រី ឬប្រុស ដែលមានចំនួនតិចជាងគេនៅក្នុងក្រុមហ៊ុនមួយនោះ។ ក្រុមហ៊ុនដែលខកខានមិនបានបំពេញតាមកូតា នឹងត្រូវតម្រូវឱ្យរាយការណ៍ពីហេតុផល និងវិធានការនានា ដើម្បីអាចសម្រេចវាទៅបាន។ ការផាកពិន័យអាចនឹងត្រូវដាក់ឡើង ប្រសិនបើពួកគេមិនគោរពតាមកាតព្វកិច្ចនេះ។
ច្បាប់នេះត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តបន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សាអឺរ៉ុប និងអ្នកដទៃទៀត។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភាពចម្រុះមិនមែនគ្រាន់តែបង្ហាញពីភាពយុត្តិធម៌ប៉ុណ្ណោះទេ វាក៏ជំរុញឱ្យមានការរីកចម្រើន និងការច្នៃប្រតិដ្ឋផងដែរ»។ សហភាពអឺរ៉ុបបានកំណត់សមភាពយេនឌ័រជាគោលដៅរបស់ខ្លួន រួមទាំងការកែតម្រូវគម្លាតប្រាក់ឈ្នួលរវាងបុរស និងស្ត្រី។ ហើយកន្លងមក ភាគរយនៃស្ត្រីដែលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុននានាក្នុងប្លុកនេះ មានពី ៤៥.៣% នៅក្នុងប្រទេសបារាំង រហូតនៅត្រឹម ៨.៥% នៅក្នុងប្រទេសស៊ីប៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






