ប្រទេសថៃកំពុងដាក់ដំណើរការប្រព័ន្ធសាឡាងអគ្គិសនីដ៏ធំនៅតាមបណ្ដោយទន្លេចៅព្រះយា ដែលជាប្រព័ន្ធដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៏
- BY
- autoadmin
- June 13, 2022
ប្រទេសថៃបានចាប់ផ្ដើមដំណើរការប្រព័ន្ធសាឡាងអគ្គិសនីល្បឿនលឿនជាផ្លូវការ នៅតាមបណ្ដោយទន្លេចៅព្រះយា (Chao Phraya) ក្នុងទីក្រុងបាងកក ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ធំមួយ និងដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៏។ គម្រោងនេះមានឈ្មោះថា «E Smart Bangkok Mass Rapid Transit Electric Ferries Project» ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ១៦០ លានបាត ឬ ៤.៧ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនថាមពលកើតឡើងវិញរបស់ថៃគឺ Energy Absolute Public Company Ltd ។

សាឡាងអគ្គិសនីនេះ មានឈ្មោះថា MINE Smart Ferry វាត្រូវបានក្រុមហ៊ុន Energy Absolute ដាក់បង្ហាញតាំងតែពីឆ្នាំ២០២០ មកម្ល៉េះ ហើយវាក៏ជាស្នាដៃផលិតដោយជនជាតិថៃ ដើម្បីដោះស្រាយការបំពុលបរិយាកាស និងកង្វក់ទឹកធ្ងន់ធ្ងរផងដែរ។ MINE Smart Ferry ក៏មានភ្ជាប់ការធ្វើដំណើរពីទីក្រុងបាងកកទៅតំបន់ជាយក្រុង ដែលវាអាចជួយដោះស្រាយបញ្ហាកកស្ទះផ្លូវបានមួយកម្រិតផងដែរ ប្រសិនបើពលរដ្ឋងាកមកធ្វើដំណើរតាមផ្លូវទឹកបានច្រើនជាងមុន នេះបើតាមការចុះផ្សាយដោយ Bangkok Biz News ។
សាឡាង MINE Smart Ferry អាចផ្ទុកអ្នកដំណើរចំនួន ២៥០នាក់ នៅក្នុងការធ្វើដំណើរមួយលើកៗ ហើយអាចធ្វើដំណើរបានចម្ងាយ ៨០ គីឡូម៉ែត្រ នៅពេលសាកអាគុយត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ ប្រព័ន្ធសាឡាងអគ្គិសនីល្បឿនលឿនមួយនេះ មានដាក់បម្រើសាឡាងចំនួន ២៧ គ្រឿង ហើយពួកគេរំពឹងថា គម្រោងនេះនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បាន ១៨,៩០០ តោន នៅក្នុងមួយឆ្នាំៗ៕



អត្ថបទ៖ លីដា
ប្រភព៖ Asian Development Bank, Bangkok Biz News
- Share This Post:






