ប្រទេសថៃបានធ្វើឱ្យស្របច្បាប់សម្រាប់ការដាំដុះ និងការប្រើប្រាស់កញ្ឆា នៅក្នុងម្ហូបអាហារ និងភេសជ្ជៈ
- BY
- autoadmin
- June 9, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសថៃបានធ្វើឱ្យស្របច្បាប់សម្រាប់ការដាំដុះ និងការប្រើប្រាស់កញ្ឆា នៅក្នុងម្ហូបអាហារ និងភេសជ្ជៈ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះផ្ទាល់ ដែលធ្វើឱ្យខ្លួនក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលមានការអនុញ្ញាតបែបនេះ ដោយមានគោលបំណងជំរុញវិស័យកសិកម្ម និងទេសចរណ៍របស់ខ្លួន ប៉ុន្តែការជក់កញ្ឆានៅតែខុសច្បាប់។ អ្នកដើរទិញឥវ៉ាន់នៅថៃ បានតម្រង់ជួរនៅតាមហាងលក់ភេសជ្ជៈ បង្អែម និងរបស់របរផ្សេងៗទៀត ដែលប្រើប្រាស់កញ្ឆា ខណៈអ្នកគាំទ្រកញ្ឆាជាច្រើននាក់ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកែទម្រង់ នៅក្នុងប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរឹងមួយនេះ។

រដ្ឋាភិបាលថៃក៏គ្រោងនឹងផ្តល់កញ្ឆា ១ លានដើម ទៅឱ្យពលរដ្ឋរបស់ខ្លួន ដើម្បីជំរុញកសិករឱ្យមានការដាំដុះដំណាំនេះ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរមានការដាក់កម្រិតលើផលិតផលកញ្ឆា ដើម្បីឱ្យពលរដ្ឋចៀសឆ្ងាយពីការប្រើប្រាស់វាផ្ទុយពីច្បាប់ ដោយសារការជក់ ឬការប្រើប្រាស់ជាឯកជនពាក់ព័ន្ធនឹងកញ្ឆា នៅតែខុសច្បាប់នៅក្នុងប្រទេសថៃ។ ពោលគឺការកាន់កាប់ និងលក់សារធាតុចំរាញ់ចេញពីកញ្ឆា ដែលមានផ្ទុកសារធាតុ psychoactive ឬ tetrahydrocannabinol ច្រើនជាង ០.២% គឺមិនត្រូវបានអនុញ្ញាតនោះទេ។ ការប្រើប្រាស់កញ្ឆានឹងត្រូវគោរពទៅតាមកម្រិតដែលបានកំណត់ ហើយអ្នកបំពានច្បាប់ នៅតែអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ទោះបីជាមានការធ្វើឱ្យស្របច្បាប់ក៏ដោយ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






