អង្គការសុខភាពពិភពលោក៖ ចំនួនអ្នកឆ្លងមេរោគជំងឺអុតស្វានៅក្រៅទ្វីបអាហ្វ្រិក កើនដល់ជាង ១ពាន់នាក់
- BY
- autoadmin
- June 10, 2022
សារព័ត៌មាន Reuters បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធទី០៨ ខែមិថុនា ឆ្នាំ២០២២ អំពីចំនួនករណីនៃមេរោគជំងឺអុតស្វា មានការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅខាងក្រៅទ្វីបអាហ្រ្វិក កើនដល់ជាង ១ពាន់នាក់ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នោះទេ។

រលកនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីមានករណីត្រូវបានគេរាយការណ៍ក្នុងប្រទេសចំនួន ២៩ ដោយមិនរាប់បញ្ចូលប្រទេសក្នុងទ្វីបអាហ្រ្វិកទេ។ លោកវេជ្ជបណ្ឌិត Adhanom Ghebreyesus បានបន្ថែមថា វាមានហានិភ័យដែលវីរុសជំងឺគ្រុនស្វា និងតាំងទីលំនៅក្នុងប្រទេសទាំងឡាយដែលមិនមែនជាការរាតត្បាតប្រចាំតំបន់ ប៉ុន្តែនេះក៏ជាអ្វីដែលអាចការពារបានផងដែរ ហើយនេះគឺជាការឆ្លុះបញ្ចាំងដ៏អកុសលនៃពិភពលោកដែលយើងរស់នៅ ចំណែកសហគមន៍អន្តរជាតិទើបតែយកចិត្តទុកដាក់ចំពោះជំងឺអុតស្វា ព្រោះវាលេចឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់” នាយក WHO បាននិយាយដោយបន្ថែមថាការផ្ទុះឡើងបានចាប់ផ្តើមបង្ហាញសញ្ញានៃការឆ្លងរួចហើយនៅក្នុងសហគមន៍នៃប្រទេសមួយចំនួន។
ជាមួយគ្នានេះ WHO បានណែនាំអ្នកឆ្លងជម្ងឺអុតស្វា ឱ្យនៅសម្រាកដាច់ដោយឡែកនៅឯផ្ទះ ហើយបានផ្តល់អនុសាសន៍ថា ប្រទេសមួយចំនួនអោយប្រើវិធានការចាក់វ៉ាក់សាំងក្រោយមានការប៉ះពាល់នឹងជំងឺអុតស្វា ដល់មនុស្ស រួមទាំងមន្ត្រីសុខាភិបាលសាធារណៈ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធដូចជាដៃគូផ្លូវភេទ គួរតែត្រូវបានចាក់ក្នុងរយៈពេល ៤ថ្ងៃ។
ចំណែក លោកស្រី Sylvia Brind ដែលជាមន្ត្រីជាន់ខ្ពស់របស់ WHO បាននិយាយថា ពួកគេកំពុងវាយតម្លៃសក្តានុពលនៃវ៉ាក់សាំងជំងឺអុតស្វា ដែលរក្សាទុក ហើយក៏កំពុងទាក់ទងទៅដល់ក្រុមហ៊ុនផលិត និងបណ្តាប្រទេសដែលបានសន្យារឿងវ៉ាក់សុំាងនេះផងដែរ៕


អត្ថបទ៖ Bee
ប្រភព៖ channelnewsasia
- Share This Post:






