ម៉ាឡេស៊ីបានរកឃើញវត្តមាននៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរងចំនួន ២ ប្រភេទ គឺ BA.5 និង BA.2.12.1
- BY
- autoadmin
- June 10, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានរកឃើញវត្តមាននៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរង (subvariants) ចំនួន ២ ប្រភេទ គឺ BA.5 និង BA.2.12.1 នេះបើតាមការឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Khairy Jamaluddin កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ លោកបានបន្តថា៖«រហូតមកដល់ពេលនេះ កត្តាហានិភ័យនៅតែមានដដែល»។ ពោលគឺ ប្រភេទបំប្លែងរងទាំង ២ ត្រូវបានគេរាយការណ៍ថា ជាការបំប្លែងដែលអាចចម្លងបានលឿនជាងប្រភេទដើម ហើយវាក៏ត្រូវបានចាត់ថ្នាក់ជាក្រុមដែលស្ថិតក្រោមការត្រួតពិនិត្យដោយអង្គការសុខភាពពិភពលោកផងដែរ។

លោក Khairy Jamaluddin បាននិយាយនៅក្នុងបណ្ដាញធ្វីតធឺថា ក្នុងចំណោមករណីថ្មីៗទាំងនេះ មានករណីចំនួន ២ គឺជាប្រភេទ BA.5 និងករណីចំនួន ១ ជា BA.2.12.1 ។ គួរឱ្យដឹងដែរថា រីរុសបំប្លែងរង BA.2 និង BA.2.12.1 ត្រូវបានប៉ាន់ប្រមាណថា មានច្រើនជាង ៩០% នៃវ៉ារ្យ៉ង់ដទៃទៀតរបស់ជំងឺ COVID-19 នៅសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជាក់កាលពីខែមេសា។ ជាមួយគ្នានេះដែរ BA.5 ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង ហើយជារឿយៗវាផ្ទុះឡើងអមជាមួយនឹង BA.4 ដោយសារតែភាពស្រដៀងគ្នានៃហ្សែនមេរោគ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






