WHO បានចេញរបាយការណ៍ថា នៅតែមិនអាចសន្និដ្ឋានពីប្រភពដើមនៃមេរោគកូវីដ-១៩ បាន ខណៈទិន្នន័យមួយចំនួនពីប្រទេសចិនត្រូវបានបាត់បង់
- BY
- autoadmin
- June 11, 2022
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកស្តីពីប្រភពដើមនៃមេរោគថ្មីដែលមិនធ្លាប់មានពីមុនមក (SAGO) បានចេញផ្សាយរបាយការណ៍បឋមមួយថា «លទ្ធផលនៃការរកឃើញប្រភពដើមនៃជំងឺកូវីដ-១៩ ឬ Covid-19 ដែលបានរីករាលដាលពាសពេញពិភពលោក ចាប់តាំងពីការផ្ទុះឡើងដំបូងនៅទីក្រុង Wuhan ខេត្តហ៊ូប៉ីរបស់ប្រទេសចិន នៅចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺប្រភពដើមនៃមេរោគ កូវីដ-១៩ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយសារទិន្នន័យមួយចំនួនពីប្រទេសចិនបាត់។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញរបស់ WHO នៅតែបើកចំហចំពោះភស្តុតាងវិទ្យាសាស្ត្រនាពេលអនាគតទាំងអស់ ដើម្បីសាកល្បងយ៉ាងទូលំទូលាយនូវសម្មតិកម្មយ៉ាងសមហេតុផលទាំងអស់ រួមទាំងភាពដែលអាចទៅរួចនៃគ្រោះថ្នាក់នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រ។

សម្រាប់ទិន្នន័យដែលបានបាត់ទៅ ជាពិសេសទិន្នន័យរបស់ប្រទេសចិន ដែលបានរកឃើញក្រុមអ្នកឆ្លងមេរោគកូវីដ-១៩ដំបូងបង្អស់ កាលពីខែធ្នូ ឆ្នាំ២០១៩ វាពិតជាមិនអាចទៅរួចឡើយដែលនឹងអាចបញ្ជាក់អំពីដើមកំណើតដ៏ច្បាស់លាស់នៃមេរោគ ថាវាបានឆ្លងមកកាន់មនុស្សបានយ៉ាងដូចម្តេច ក្រោយពីមានការឆ្លងរីករាលដាលពាសពេញពិភពលោក ក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក ដែលបណ្តាលអោយចំនួនអ្នកឆ្លងជុំវិញពិភពលោកមានរហូតដល់ទៅ ៥៣៤លាននាក់ ចំណែកអ្នកបាត់បង់ជីវិត ៦.៣១លាននាក់។ ការបញ្ជាក់ប្រាប់អំពីប្រភព ឬ ដើមកំណើតរបស់មេរោគនៅក្នុងសត្វប្រភេទផ្សេងៗ ត្រូវប្រើពេលជាច្រើនឆ្នាំ ដោយអ្នកវិទ្យាសាស្រ្តត្រូវ ចំណាយពេលដល់ទៅ ១៥ឆ្នាំ ក្នុងការស្វែងរកពូជសត្វប្រចៀវផ្សេងៗ ដែលអាចជាកំណើតនៃមេរោគកូរូណាបំលែងថ្មី ឬ SARs ដែលជាសាច់ញាតិរបស់មេរោគកូវីដ-១៩៕

អត្ថបទ៖ Bee
ប្រភព៖ channelnewsasia
- Share This Post:






