រៀបការជាមួយគ្នាជាង១៦ឆ្នាំមានកូន៣នាក់ទៀត ស្រាប់តែទៅពិនិត្យ DNA លទ្ធផលគឺកូនទាំង៣នាក់ មិនមែនកូនបង្កើតខ្លួនឯង
- BY
- autoadmin
- June 13, 2022
ចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៩ ខែមិថុនា បង្ហាញពីរឿងរ៉ាវរបស់លោក Chen អាយុ ៤៥ឆ្នាំមកពីខេត្ត Jiangxi ប្រទេសចិន បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ Yu អស់រយៈពេល ១៦ឆ្នាំ និងមានកូនស្រីចំនួន ៣នាក់ជាមួយគ្នា ប៉ុន្តែថ្ងៃនេះបានជួបរឿងដ៏រន្ធត់មួយធ្វើឱ្យគាត់ស្រក់ទឹកភ្នែកនៅកណ្តាលប៉ុស្តិ៍ទូរទស្សន៍ នៅពេលដែលប្រពន្ធលោកលួចផិតក្បត់ ថែមទាំងទើបតែដឹងថា កូនដែលចិញ្ចឹមតាំងពីតូចមកទាំង៣នាក់មិនជាប់សាច់ឈាមឡើយសូម្បីតែម្នាក់។

លោក Chen បានផ្តល់បទសម្ភាសន៍ដល់កម្មវិធីទូរទស្សន៍មួយថា តាំងពីពេលរៀបការរួច គាត់ត្រូវទៅធ្វើការឆ្ងាយពីផ្ទះដើម្បីរកប្រាក់សម្រាប់គ្រួសារ ហើយប្រពន្ធរបស់គាត់មិនដែលធ្វើឱ្យគាត់សង្ស័យអ្វីទាំងអស់។ ប៉ុន្តែថ្មីៗនេះ នាងចាប់ផ្តើមមិនទទួលទូរស័ព្ទរបស់គាត់ ហើយថែមទាំងមិនលើកពេលគាត់ខលជាវីដេអូទៀតផង គឺទាល់តែគាត់ព្យាយាមតាមដាននាងតាម GPS រហូតរកឃើញថា កាលពីថ្ងៃទី១ ខែមីនា ប្រពន្ធគាត់នៅសណ្ឋាគារមួយ ហើយលោកបានលួចតាមនាងនិងលួចចាំនៅឯសណ្ឋាគារខាងលើ មុនពេលភ្ញាក់ផ្អើលពេលឃើញប្រពន្ធចេញពីសណ្ឋាគារជាមួយបុរសផ្សេង។
លោក Chen ក៏បានរក្សាការសម្ងាត់នេះ ព្រោះគាត់មិនចង់ឲ្យជីវិតគ្រួសារគាត់ត្រូវបែកបាក់ ប៉ុន្តែគាត់បានបន្តការតាមដានរបស់គាត់ រហូតឈានដល់ការធ្វើតេស្ត DNA កូនទាំងបីនាក់រហូតដល់ការពិតដែលធ្វើឲ្យគាត់ស្ទើតែបាត់បង់ស្មារតី នៅពេលដែលលទ្ធផលចេញមកបង្ហាញថា កូនបីនាក់ដែលគាត់ចិញ្ចឹមនោះមិនមែនជាកូនគាត់ទាល់តែសោះ។ លុះលោក Chen ទ្រាំលែងបាន រហូតដល់គាត់សម្រេចចិត្តសួរការពិតពីមាត់ប្រពន្ធរបស់គាត់ ប៉ុន្តែប្រពន្ធរបស់គាត់ខឹងគាត់ខ្លាំងណាស់ មិនព្រមទាក់ទងគាត់ទេ គាត់បានស្វែងរកប្រពន្ធរបស់គាត់គ្រប់ទីកន្លែង ក៏រកមិនឃើញ រហូតដល់ចេញមករកតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា សូមជួយស្វែងរកគ្រួសារគាត់ផង ដែលលោក Chen ក៏បានសម្រក់ទឹកភ្នែកនិងអារម្មណ៍ដ៏តឹងណែនក្នុងចិត្ត នៅកណ្តាលកម្មវិធីតែម្តង។
លុះកម្មវិធីទូរទស្សន៍អាចទាក់ទងប្រពន្ធរបស់លោក Chen ហើយមានការទូរស័ព្ទចូលដើម្បីជជែកគ្នា ដែលប្រពន្ធរបស់ Chen គឺកញ្ញា Yu មានការមិនពេញចិត្តយ៉ាងខ្លាំងហើយថែមទាំងប្រកែកថានាងមិនបានគិតថាអ្វីដែលនាងកំពុងធ្វើ គឺជាការបោកប្រាស់នោះទេ ហើយស្តីបន្ទោសប្តីថាមានចិត្តចង្អៀតដែលគិតចង់លែងលះនឹងនាង ដោយសារតែគាត់ដឹងថាកូនដែលគាត់ចិញ្ចឹមនោះមិនមែនជាកូនរបស់គាត់ទេ ទាំងដែលមានមនុស្សជាច្រើនបានយកក្មេងកំព្រាច្រើននាក់មកចិញ្ចឹម។ នាងក៏សួរប្តីថា តើលោកមានទំនួលខុសត្រូវខ្លះទេ? គ្រាន់តែដឹងថាកូនទាំង ៣មិនមែនជាកូនរបស់លោក រឺមិនបានជាប់សាច់ជាប់ឈាមនឹងលោក ចង់ទុកកូនចោល បែបនេះមិនខុសពីសត្វធាតុទេ។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើត្រូវបានផ្សព្វផ្សាយ បណ្តាលអោយមានការជជែកវែកញែកជាច្រើននៅតាមបណ្តាសង្គមនានាផងដែរ៕

អត្ថបទ៖Bee
ប្រភព៖ scmp
- Share This Post:






