អន្តរជាតិ

អង្គការសហប្រជាជាតិទំនងនឹងបើកការជជែកវែកញែកមួយ ពាក់ព័ន្ធនឹងការដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនរបស់ប្រទេសថៃ

BY
autoadmin
June 13, 2022

ទីប្រឹក្សា​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (International Narcotics Control Board) បាននិយាយ​ថា អង្គការសហប្រជាជាតិទំនងជានឹងត្រូវបើកការជជែកវែកញែកមួយ ​បន្ទាប់ពី​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស​ថៃ​ នៅក្នុង​ការ​ដកកញ្ឆា​ចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់។ លោក Viroj Sumyai ដែលជាជនជាតិថៃ ដែលបានបម្រើការជាប្រធាន INCB របស់អង្គការសហប្រជាជាតិ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ បាននិយាយថា ប្រទេសថៃនឹងត្រូវឆ្លើយតបទៅកាន់អង្គការសហប្រជាជាតិ ហើយបានបន្ថែមថា ប្រសិនក្រុមប្រឹក្សាសម្រេចថា ច្បាប់នេះបំពានលើអនុសញ្ញាឆ្នាំ១៩៦១ ស្តីពីគ្រឿងញៀន នោះរដ្ឋាភិបាលថៃនឹងត្រូវទាមទារឱ្យមានការកែតម្រូវវាឡើងវិញ។

លោក Viroj និយាយ​ថា ជំហាន​បន្ទាប់​នឹង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​បទប្បញ្ញត្តិ​លើ​ឱសថ​ ដែល​ត្រូវ​បាន​រ៉ាប់រង​ដោយ​សន្ធិសញ្ញា​ថ្នាំ ជាពិសេស​​ ដែល​មាន Codeine ជា​សារធាតុ​ផ្សំ។ ជាលទ្ធផល ប្រទេសថៃត្រូវតែអនុវត្តច្បាប់នេះ ដើម្បីអាចប្រើប្រាស់ឱសថទាំងនេះបាន និងផ្តល់ការប៉ាន់ប្រមាណនៃការប្រើប្រាស់ដែលរំពឹងទុក។ លោកបានបន្ថែមថា៖«ខ្ញុំជឿថាស្ថាប័នអន្តរជាតិជាច្រើន រួមទាំងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម កំពុងតាមដានយ៉ាងដិតដល់លើគោលនយោបាយកញ្ឆារបស់យើង»។

ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនបានទទួលស្គាល់ថា វាគឺជាការព្រួយបារម្ភចំពោះការដកកញ្ឆាចេញពីគ្រឿងញៀនខុសច្បាប់របស់ប្រទេសថៃ ដោយសារតែប្រទេសថៃគឺជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាឆ្នាំ១៩៦១ ស្តីពីគ្រឿងញៀន ដែលបានចាត់ថ្នាក់កញ្ឆាជាគ្រឿងញៀន ប៉ុន្តែអនុញ្ញាតឱ្យប្រើប្រាស់វាក្រោមលក្ខខណ្ឌវេជ្ជសាស្ត្រដែលមានការត្រួតពិនិត្យ។ ទោះបីជាមានការធ្វើឱ្យស្របច្បាប់ សម្រាប់គោលបំណងផ្នែកវេជ្ជសាស្រ្ត និងស្រាវជ្រាវក៏ដោយ ក៏វិក័យប័ត្រដែលពាក់ព័ន្ធលើកញ្ឆា មិនទាន់ត្រូវបានអនុម័តជាច្បាប់នៅឡើយទេ។ ផ្កា និងដើម ដែលមាន THC ឬ តេត្រាអ៉ីដ្រូកាណាប៊ីណុល ខ្ពស់លើសកម្រិត គឺត្រូវតែចាត់ថ្នាក់ជាថ្នាំជក់ខុសច្បាប់។
លោក Viroj Sumyai បាននិយាយថា៖ «បច្ចុប្បន្នយើងមិនទាន់មានច្បាប់ស្តីពីការប្រើប្រាស់កញ្ឆាទេ ដូច្នេះយើងពឹងផ្អែកលើច្បាប់សុខភាពសាធារណៈ។ យោងតាមច្បាប់ថ្មី ការលក់កញ្ឆាដល់យុវជននឹងត្រូវហាមឃាត់ ដូច្នេះអ្វីដែលអាចធ្វើបានសម្រាប់ពេលនេះគឺការព្រមាន និងអប់រំប្រជាជនអំពីការប្រើប្រាស់ឱ្យបានត្រឹមត្រូវ»៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: