អន្តរជាតិ

ប្រទេសរុស្ស៊ី​កំពុងបើកហាង​ប៊ឺហ្គឺរថ្មីមួយ ដែលជាការប្ដូរម៉ាកយីហោចេញពីហាង McDonald’s ដែលធ្លាប់បើកលក់នៅរុស្ស៊ីពីមុន

BY
autoadmin
June 13, 2022

ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន មានក្រុមហ៊ុន និងខ្សែសង្វាក់ជាច្រើន បានបណ្ដាក់គ្នាចាកចេញពីប្រទេសរុស្ស៊ី ហើយក្នុងនោះក៏មានហាងអាហាររហ័ស McDonald’s ផងដែរ។ គួររំលឹកដែរថា កាលពី McDonald’s បើកទ្វារនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៩០ វាធ្លាប់ជានិមិត្តសញ្ញានៃការធូរស្បើយនៃសង្គ្រាមត្រជាក់ ហើយក៏ជាការបង្ហាញពីការបញ្ចប់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកុម្មុយនិស្តរបស់រុស្ស៊ីផងដែរ។ ឥឡូវនេះ ហាង McDonald’s បានដើរចេញពីប្រទេសរុស្ស៊ីជាស្ថាពរ ហើយហាងប៊ឺហ្គឺរថ្មីមួយក៏បានចេញរូបរាងឡើង ក្រោមការការប្ដូរម៉ាកយីហោថ្មី (Rebrand) ។

ហាង​ប៊ឺហ្គឺរដែលទើបនឹងបង្កើតឡើងថ្មីនោះមានឈ្មោះថា «Vkusno i Tochka» មានន័យថា «ឆ្ងាញ់ខ្លាំង» ជាភាសារុស្សី។ ហាងនេះកំពុងដំណើរការ នៅតាមហាងចំនួន ១៥ នៃហាងទាំង ៨៥០ កន្លែង របស់អតីតហាង McDonald’s ។ កាលពីថ្ងៃអាទិត្យម្សិលមិញ គឺជាថ្ងៃបើកទ្វារដំបូងរបស់ហាង ហើយមានអតិថិជនជាច្រើន បានតម្រង់ជួរយ៉ាងវែងដើម្បីចាំទិញប៊ឺហ្គឺរ និងដំឡូងបំពង នៅទីតាំងមួយក្នុងទីក្រុងមូស្គូ។

អតិថិជនម្នាក់បាននិយាយថា អ្វីគ្រប់យ៉ាងគឺដូចគ្នាទៅនឹងពីមុន «ហើយពិតណាស់ ការវេចខ្ចប់គឺថ្មី ប៉ុន្តែអ្វីដែលសំខាន់ គឺរសជាតិនៃអាហារ គុណភាពនៃអាហារ៖ អ្វីគ្រប់យ៉ាងគឺអស្ចារ្យ និងល្អណាស់»។ ក្រុមហ៊ុន McDonald’s បានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីកាលពីខែមីនា បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ហើយក្រោយមក ខ្លួនបានលក់អាជីវកម្មទៅឱ្យអ្នកស្រុក។ ជាក់ស្តែង ប្រតិបត្តិកររុស្ស៊ីថ្មីនេះ គ្រោងនឹងធ្វើឱ្យម៉ាកយីហោក្នុងស្រុករបស់ខ្លួនកាន់តែធំ ខណៈនាយកប្រតិបត្តិរបស់ខ្លួននិយាយថា គាត់គ្រោងនឹងបង្កើនចំនួនភោជនីយដ្ឋានលើសពី ៨៥០ ដែលហាង McDonald’s ធ្លាប់មាននៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: