អន្តរជាតិ

គំនិតល្អមែន! ពិធីបុណ្យមួយនៅថៃ ស្នើសុំអ្នកចូលរួមពិធីបុណ្យប្តូរពីការទទួលកម្រងផ្ការំលែកទុក្ខទៅជាអង្ករ ដើម្បីទុកចែកជូនអ្នកក្រីក្រ

BY
autoadmin
June 14, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook បានបង្ហាញនូវទិដ្ឋភាពពិធីបុណ្យសព មួយនៅ​វត្ត​ឥន្ទ្រារាម ឃុំមឿងម៉ៃ ស្រុក Amphawa ខេត្ត Samut Songkhram ដែលជាទីតាំងនៃពិធីបុណ្យសពរបស់អតីតលេខាធិការនាយករដ្ឋបាលសង្លាត់ Muang Mai ស្រុក Amphawa ខេត្ត Samut Songkhram ដែល​ជា​ទី​ស្រលាញ់​របស់ប្រជាជន បានបាត់បង់ជីវិត​ដោយសារ​ជំងឺ​គាំងបេះដូង ទើបនាំអោយប្រជាពលរដ្ឋ​ដែលគោរព​រាប់អាន​លោកយ៉ាងច្រើន​កុះករ​បាន​ចូលរួម​បុណ្យសព​នៅ​យប់​ថ្ងៃទី​៩-១១ ខែមិថុនា​ កន្លងទៅ។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលនោះគឺ អង្ករមួយដុំធំ ដែលមានជាកញ្ចប់តូចៗទម្ងន់ ៥គីឡូក្រាម ត្រូវបានដាក់នៅមុខមឈូស ជាមួយនឹងសាររំលែកទុក្ខ និងកម្រងផ្កាដាក់ឈ្មោះអ្នកបរិច្ចាគ។ ក្រោយសួរម្ចាស់បុណ្យទើបដឹងថា នេះជាគំនិតរបស់ព្រះគ្រូ ភីស៊ីត ប្រាជ្ញណាត បណ្ឌិត ហ្លួង ប៉ោដែង ណាន់ធីយ៉ូ អនុប្រធានមជ្ឈមណ្ឌលប្រជុំព្រះសង្ឃដែលដឹកនាំភូមិ រក្សាសីល៥ ជំនាន់ទី២ ចៅសង្កាត់រងស្រុកអំពិល ព្រះចៅអធិការវត្តឥន្ទ្រារាម ដែលត្រូវជាអ៊ុំនៃសព ដោយបានសុំអោយអ្នកចូលរួមបុណ្យ ផ្លាស់ប្តូរពីការយកកម្រងផ្កា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ប្តូរទៅអង្ករវិញ បណ្តាលអោយក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យសពចំនួន ៣ថ្ងៃ មានអ្នកយកអង្ករដែលខ្ចប់មួយកញ្ចប់ ៥គីឡូមកចូលបុណ្យ បើគិតទៅសរុបបានជាង ៦តោន រឺ ១,២០០ថង់។ ជាមួយគ្នានេះដែរ នៅក្នុងពិធីបូជាសព ដែលប្រព្រឹត្តនៅថ្ងៃទី១២ ខែមិថុនា ម្ចាស់ផ្តើមបុណ្យបានចែកអង្ករមួយចំណែកដល់ភ្នាក់ងារ អង្គការ សាលារៀននានា នៅក្នុងទីរហោស្ថាន រួមទាំងជនក្រីក្រ។

លើសពីនេះ បន្ទាប់ពីពិធីដាក់កម្រងផ្កា មានការចែកអង្ករជាវត្ថុអនុស្សាវរីយ៏ដល់ប្រជាពលរដ្ឋដែលបានចូលរួមប្រមាណ ៨០០នាក់ផងដែរ។ ក្នុងម្នាក់ៗនឹងទទួលបានអង្ករ ១កញ្ចប់ទំងន់៥គីឡូក្រាម រួមនឹងមេដាយ ថៅ វេសួវ៉ាន់ វត្តឥន្ទ្រារាម គំរូសាមថេប គ្រឿងឧបភោគបរិភោគនិងក្នុងម្នាក់ៗ នឹងទទួលបានផាត់ថៃ ១ប្រអប់ សម្រាប់យកទៅទទួលទាននៅផ្ទះទៀតផង៕

 

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: