FDA របស់សហរដ្ឋអាមេរិក៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធភាពចំពោះកុមារអាយុក្រោម ៥ឆ្នាំ
- BY
- autoadmin
- June 14, 2022
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហាក់ដូចជាមានសុវត្ថិភាព និងមានប្រសិទ្ធភាព សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ ការវិភាគនេះក៏ត្រូវបានបង្ហោះនៅលើអ៉ីនធឺណេតផងដែរ មុនកិច្ចប្រជុំដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃពុធនេះ ដើម្បីឱ្យអ្នកជំនាញឯករាជ្យរបស់ទីភ្នាក់ងារ ពិចារណាលើឯកសារពាក់ព័ន្ធរបស់វ៉ាក់សាំងចំនួន ២ គឺវ៉ាក់សាំង Pfizer និង Moderna ថាតើគួរឱ្យមានការចាក់វ៉ាក់សាំងឱ្យកុមារក្នុងក្រុមនេះ ឬទេ។

នៅក្នុងការវិភាគរបស់ខ្លួនលើទិន្នន័យរបស់ Pfizer ទីភ្នាក់ងារ FDA បាននិយាយថា អត្រានៃការចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារ COVID-19 ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ គឺមានខ្ពស់ជាង នៅក្នុងចំណោមកុមារដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំ។ ដូច្នេះការផ្ដល់វ៉ាក់សាំងសម្រាប់ក្រុមអាយុនេះគឺសំខាន់ណាស់ ខណៈ FDA ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងក្រុមអាយុនេះ។ គួរឱ្យដឹងដែរថា កុមារដែលមានអាយុក្រោម ៥ឆ្នាំ គឺជាក្រុមតែមួយគត់ ដែលមិនទាន់មានសិទ្ធិទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។
FDA បានកត់សម្គាល់ផងដែរថា ក្នុងចំណោមកុមារដែលមានអាយុពី ៥ ឆ្នាំឡើងទៅ ដែលមានសិទ្ធិទទួលបានវ៉ាក់សាំងរបស់ Pfizer រួចហើយ, ការចាក់វ៉ាក់សាំងបង្ការរោគបានជួយការពារពួកគេ ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងលទ្ធផលធ្ងន់ធ្ងរផ្សេងទៀត រួមទាំងក្នុងកំឡុងឆ្នាំបច្ចុប្បន្ន នៅពេលដែលវ៉ារ្យ៉ង់អូមីក្រុង កំពុងចម្លងរាតត្បាតខ្លាំង និងប្រភេទរង (subvariants) ដែលវិវត្តន៍យ៉ាងឆាប់រហ័សនៅក្នុងទម្រង់ផ្សេងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






