អាយុគ្រាន់តែជាតួលេខ! គូស្នេហ៍វ័យចំណាស់ជនជាតិថៃមួយគូ បានរៀបការជាប្ដីប្រពន្ធនឹងគ្នា ក្រោយស្គាល់គ្នាបាន ១០ថ្ងៃ
- BY
- autoadmin
- June 14, 2022
គូស្នេហ៍វ័យចំណាស់មួយគូ មកពីខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ បានរៀបការជាប្ដីប្រពន្ធនឹងគ្នា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីពួកគាត់បានស្គាល់គ្នាត្រឹមរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់ The Thaiger។ គូស្នេហ៍ទាំង ២នាក់ បានជួបគ្នានៅលើទំនប់ទឹក Pak Huay ក្នុងខេត្ត Khon Kaen ហើយមិនយូរប៉ុន្មាន ពួកគាត់ក៏បានសម្រេចចិត្តរៀបការ និងរស់នៅជាមួយគ្នាតែម្ដង។

លោកតា មានឈ្មោះថា Nuan Mala មានអាយុ ៧២ឆ្នាំ ហើយគាត់មានកូន ៣នាក់ ជាមួយប្រពន្ធមុនរបស់គាត់ ខណៈដែលលោកយាយ មានឈ្មោះថា Moot Jamkham មានអាយុ ៨៣ ឆ្នាំ ហើយគាត់មិនធ្លាប់មានគ្រួសារ ឬរៀបការពីមុននោះទេ។ ពួកគាត់ទាំង ២ បានរៀបពិធីមង្គលការដ៏សាមញ្ញមួយ ដោយគ្មានបណ្ណាការអ្វីទាំងអស់ នៅឯផ្ទះកូនក្រមុំនៅស្រុក Lom Sak ក្នុងខេត្ត Phetchabun។
បន្ទាប់ពីរៀបការរួច លោកតានឹងរើទៅនៅផ្ទះលោកយាយ ដោយមិនយកអ្វីមកតាម ក្រៅពីខ្លួនគាត់ និងម៉ូតូមួយគ្រឿងនោះឡើយ។ លោកតាបាននិយាយថា លោកតាច្បាស់លាស់ជាមួយលោកយាយ ១០០% ហើយលោកតានឹងថែរក្សាលោកយាយជារៀងរហូត។ គូស្នេហ៍ទាំង ២ បាននិយាយថា ពួកគេស្រឡាញ់គ្នាណាស់៕




អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






