Google ផ្តល់ប្រាក់ចំនួន ១១៨លានដុល្លាដល់បុគ្គលិកស្រី បន្ទាប់ពីរងការចោទប្រកាន់ពីរឿងប្រាក់ខែមិនស្មើគ្នា
- BY
- autoadmin
- June 15, 2022
ក្រោយក្លាយទៅជារឿងរ៉ាវអូសបន្លាយទាក់ទងនឹងការបើកប្រាក់ឈ្នួលមិនយុត្តិធម៌រវាងបុគ្គលិកស្រី និងបុរស ទោះបីជាមានមុខតំណែងស្រដៀងគ្នានៅក្រុមហ៊ុនយក្សដូចជា Google ក៏ដោយ នៅទីបំផុតក្រុមហ៊ុន Google ក៏បានយល់ព្រមបង់ប្រាក់ចំនួន ១១៨លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងជាក្រុម។

លទ្ធផលចុងក្រោយ បុគ្គលិក Google ដែលជាស្ត្រីជាង ១៥,៥០០នាក់ ដែលធ្វើការឱ្យ Google នៅការិយាល័យរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០១៣ នឹងទទួលបានសំណង បន្ទាប់ពីកាត់ការចំណាយរបស់មេធាវី និងការចំណាយផ្សេងទៀត។ បុគ្គលិក Google ជាស្ត្រីម្នាក់ៗទទួលបានប្រហែល ៥,៥០០ ដុល្លារ។ បន្ថែមពីលើកិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌនៃប្រាក់ ចំពោះលក្ខខណ្ឌចុងក្រោយនៃករណីនេះ វាក៏រួមបញ្ចូលផងដែរនូវការតែងតាំងទីប្រឹក្សាឯករាជ្យដែលជាបុគ្គលទី៣ ដែលទទួលមុខងារក្នុងការពិនិត្យមើលគោលការណ៍ណែនាំរបស់ Google សម្រាប់ការជួល និងការបង់ប្រាក់ឈ្នួលផងដែរ។ វិធីសាស្រ្តនេះត្រូវបានគេជឿថា អាចជួយឱ្យការទូទាត់ប្រាក់ឈ្នួលមានភាពយុត្តិធម៌នៅក្នុងស្ថាប័ន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Google បាននិយាយថា បន្ទាប់ពីរយៈពេលប្រាំឆ្នាំនៃបញ្ហានេះ ភាគីទាំងពីរបានយល់ព្រមគ្នា ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីជាផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងអស់ ហើយ Google រីករាយណាស់ក្នុងការឈានដល់កិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពស្មើគ្នា៕


អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






