ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ៦ឆ្នាំក្រោមការដឹងនាំលោកស៊ីជីនភីង មានមន្ត្រីជិត៣០០នាក់បានធ្វើអត្តឃាត ដោយសារហត់នឹងការងារច្រើនគរដូចភ្នំ និងជំងឺបាក់ទឹកចិត្ត

    BY autoadmin December 1, 2018
    ៦ឆ្នាំក្រោមការដឹងនាំលោកស៊ីជីនភីង មានមន្ត្រីជិត៣០០នាក់បានធ្វើអត្តឃាត ដោយសារហត់នឹងការងារច្រើនគរដូចភ្នំ និងជំងឺបាក់ទឹកចិត្ត

    ចិន៖ បន្ទាប់ពីលោកស៊ីជីនភីងបានឡើងកាន់អំណាចជិត៦ឆ្នាំមកហើយនេះ លោកបានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយដែលមិនធ្លាប់មានពីមុនមកដើម្បីពង្រឹងការកាន់អំណាចរបស់លោក និងពង្រឹងភាពស្របច្បាប់នៃគណបក្សកុំម្មុយនីស្តដែលកំពុងកាន់អំណាច។ ចាប់តាំងពីពេលនោះមកមិនដែលមានសេចក្តីរាយការណ៍ពីគណបក្ស និងមន្រ្តីរដ្ឋាភិបាលណាមួយត្រូវបានឃាត់ខ្លួន ឬជាប់ពន្ធនាគារពីបទពុករលួយឡើយ។ ដោយមានការដាក់ទណ្ឌកម្មលើមន្ត្រី១លាននាក់រួចហើយនោះ លោកស៊ី និងដៃស្តាំរបស់លោក Wang Qishan បានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងនូវអំពើពុករលួយ ដើម្បីសម្រេចគោលដៅ «មិនហ៊ាន មិនអាច និងមិនប្រព្រឹត្តអំពើពុករលួយ»។

    ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានមន្ដ្រីជាច្រើនបានមកពី រដ្ឋាភិបាលកណ្តាល និងអាជ្ញាធរមូលដ្ឋានបានស្លាប់ជាបន្តបន្ទាប់ដែលវាជា «ការស្លាប់មិនធម្មតា» ដោយភាគច្រើនពួកគេត្រូវស្លាប់ដោយ «ធ្វើអត្តឃាត» ។ នៅក្នុងខែនេះយ៉ាងហោចណាស់មន្រ្តីមូលដ្ឋានចំនួន៦នាក់ ត្រូវបានគេរាយការណ៍ថាបានសម្លាប់ខ្លួន រួមមាន៖ មន្រ្តីទទួលបន្ទុកផ្នែកសន្តិសុខនៅក្នុងទីក្រុង Wafangdian ក្នុងខេត្ត Liaoning (ដោយលោតសម្លាប់ខ្លួន) អតីតមន្ត្រីទទួលបន្ទុកគ្រប់គ្រងអ៊ិនធើណែតនៅក្នុងខេត្តហីឡុងជាំង និងអភិបាលរងហូហុក រដ្ឋធានីនៃម៉ុងហ្គោលី (ស្លាប់ដោយចងក៏នៅក្នុងការិយាល័យរបស់ពួកគេ)។ ចំណែកខែមុនវិញលោក Zheng Xiaosong ប្រធានការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលចិននៅម៉ាកាវក៏បានលោតសម្លាប់ខ្លួន ហើយពីឆ្នាំ២០០៩ ដល់២០១៦យ៉ាងហោចណាស់មានមន្រ្តី ២៤៣នាក់បានធ្វើអត្តឃាត។

    ក្នុងនោះផងដែរមានតែ ៥៥.៦ភាគរយនៃរបាយការណ៍បានផ្តល់ហេតុផលលើការធ្វើអត្តឃាត ខណៈពេលដែល ៤៤.៤ភាគរយទៀតមិនមានមូលហេតុ។ ក្នុងចំណោមហេតុផលទាំងនេះគឺមានដូចជា៖ ជំងឺបាក់ទឹកចិត្តត្រូវបានគេលើកឡើងញឹកញាប់បំផុតគឺ៣៣ភាគរយ និងជំងឺសុខភាពផ្សេងទៀត ៨.៧ភាគរយ។ ជំងឺបាក់ទឹកចិត្តត្រូវបានគេចាត់ទុកថាជារឿងចម្លែកនៅក្នុងប្រទេសចិន ហើយវាត្រូវបានគេរាយការណ៍តិចតួច និងមិនត្រូវបានយកចិត្តទុកដាក់ឡើយ។ បញ្ហាសុខភាពផ្លូវចិត្តអាចត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពទន់ខ្សោយ និងជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការរីកចំរើននៃអាជីពជនរងគ្រោះ។

    ចាប់តាំងពីឆ្នាំ២០១៣មក យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោកស៊ី បានបញ្ឈប់នូវរបៀបរស់នៅសុខស្រួលទូទៅ ហើយមន្រ្តីទាំងនោះត្រូវធ្វើការងារគរដូចភ្នំ និងមានជំនួបប្រជុំគ្មានស្រាកស្រាន្ត។ ចឹងហើយគ្មានអ្វីគួរឱ្យឆ្ងល់ទេ ដែលមនុស្សជាច្រើនបានបាក់ទឹកចិត្ដហើយជ្រើសរើសយកការធ្វើអត្តឃាតនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ scmp

    Share This Post: