អន្តរជាតិ

សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងជំងឺអុតស្វាចំនួន ១១០,០០០ ដូស ខណៈដែលជំងឺអុតស្វាកំពុងរីករាលដាលកាន់តែខ្លាំង

BY
autoadmin
June 16, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ជាមួយក្រុមហ៊ុនវ៉ាក់សាំងជីវបច្ចេកវិទ្យារបស់ប្រទេសដាណឺម៉ាក Bavarian Nordic សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងជំងឺអុតធំ smallpox ប្រហែល ១១០,០០០ ដូស ដើម្បីប្រឆាំងនឹងជំងឺអុតស្វា monkeypox។ ស្នងការសុខភាពសហភាពអឺរ៉ុបលោកស្រី Stella Kyriakides បាននិយាយថា វ៉ាក់សាំងនេះនឹងត្រូវបានទិញជាមួយនឹងមូលនិធិរបស់សហភាពអឺរ៉ុប និងបញ្ជូនទៅកាន់រដ្ឋនានារបស់សហភាពអឺរ៉ុប។ វានឹងត្រូវចែកចាយតាមសមាមាត្រទៅនឹងចំនួនប្រជាជន ដោយចាប់ផ្តើមពីរដ្ឋដែលមានតម្រូវការបន្ទាន់បំផុតមុនគេ។

ក្រុមហ៊ុនឱសថ Bavarian Nordic បាននិយាយថា ការដឹកជញ្ជូននឹងចាប់ផ្តើមភ្លាមៗ ហើយនឹងត្រូវបញ្ចប់ក្នុងប៉ុន្មានខែខាងមុខនេះ ដោយកត់សម្គាល់ពីភាពវិជ្ជមានផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងតូចៗផ្សេងទៀត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Bavarian Nordic ដែលត្រូវបានគេស្គាល់ថាជា Imvanex នៅអឺរ៉ុប និង Jynneos នៅសហរដ្ឋអាមេរិក មិនទាន់ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ជំងឺអុតស្វាទេ ប៉ុន្តែវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺអុតធំ ខណៈដែលជំងឺទាំង ២ មានភាពស្រដៀងគ្នា និងមានការព្យាបាលដូចគ្នា។ ដូច្នេះហើយ ការប្រើវ៉ាក់សាំងជាមួយគ្នាក៏បានបង្ហាញពីប្រសិទ្ធភាពផងដែរ។

គួរឱ្យដឹងដែរថា មានករណីជំងឺអុតស្វា monkeypox ប្រហែល ៩០០ ពាក់ព័ន្ធនឹងជំងឺអុតស្វា ត្រូវបានរាយការណ៍នៅក្នុងបណ្តាប្រទេសរបស់សហភាពអឺរ៉ុបចំនួន ១៩ បូករួមទាំងប្រទេសដែលមិនមែនជាសមាជិក គឺន័រវេស និងអ៊ីស្លង់។ យ៉ាងណាក៏ដោយ ប្រទេសន័រវេស និងអ៊ីស្លង់ ក៏នឹងទទួលបានវ៉ាក់សាំងនេះផងដែរ បើទោះបីជាពួកគេមិនមែនជាសមាជិកសហភាពអឺរ៉ុប៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: